តំណាងរាស្ត្រ​បក្សប្រឆាំង​នឹង​ចូល​សភា​វិញ​ចាប់ពី​ខែតុលា​ទៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា ចាប់ពី​ខែតុលា​ទៅ​តំណាងរាស្ត្រ​បក្ស​នេះ នឹងចូលរួម​ប្រជុំ​សភាពេញអង្គ​ឡើងវិញ ក្រោម​ហេតុផល​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតមាន​។​
​លោក សុន ឆ័យ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​ឱកាស​ចុះសួរសុខទុក្ខ​អ្នកតំណាងរាស្ត្រ និង​អ្នកគាំទ្រ CNRP ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​សរ កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ថា ថ្នាក់ដឹកនាំ​គណបក្ស​នេះ​កំពុង​ពិចារណា​ពី​ការចូលរួម​ប្រជុំ​សភា ចាប់ពី​ខែតុលា​ឡើងវិញ ដើម្បី​ស្វែងរក​ការពិភាក្សា​ដោយ​សន្តិវិធី​ជាមួយ​បក្ស​កាន់អំណាច​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​កំពុង​កើតមាន​រវាង​បក្ស​ទាំងពីរ​។ លោក សុន ឆ័យ បញ្ជាក់ថា​គណបក្ស​នេះ​គ្រោង​កោះហៅ​រដ្ឋមន្ត្រី​ចំនួន​៤​រូប​សួរ​ជុំវិញ​ការបំពេញ​ការងារ​មិនបាន​ត្រឹមត្រូវ រួមមាន​ក្រសួង សុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ និង​ក្រសួងកសិកម្ម​។​
​លោក សុន ឆ័យ បញ្ជាក់ទៀតថា​របៀបវារៈ​មួយចំនួន​ដែល​គណបក្សប្រឆាំង​លើកឡើង ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ទទួលយក សម្រាប់ធ្វើ​ការពិភាក្សា​នៅពេល​ប្រជុំ​ពេញអង្គ​៕

photo_template_872x562-16