រាជធានីភ្នំពេញ៖តំណាងរាស្ត្រ CNRP លោក ស៊ុន ឆ័យ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានធ្វើឲ្យបាត់លុយជាង៦០លានដុល្លារសម្រាប់ចលនាជួយដល់ការទិញស្រូវពីប្រជាកសិករកាលពីអំឡុង៣-៤ឆ្នាំមុន។
លោក ស៊ុន ឆ័យ បញ្ជាក់ថា ប្រហែលជា៣-៤ឆ្នាំមុន សភាបានអនុម័តលុយ៦០ប្លាយលានដុល្លារ ដើម្បីជួយដល់ពួករោងចក្រយកទៅទិញស្រូវ។ លោកថា មានព័ត៌មានរាយការណ៍មកថា ជាប់ពាក់ព័ន្ធឯកឧត្តម គាត ឈន់ នៅសម័យនោះ ថាទៅបង្កើតរោងចក្រ នៅឯណានោះ ចាយលុយចោលអស់ ត្រូវប្រមូលលុយមកវិញ លុយនោះនៅឯណា។ ៦០លានដុល្លារ ដែលឲ្យជួយទៅទិញស្រូវអ្នកស្រុក តាមមធ្យោបាយកិនស្រូវ យកទៅលក់នៅបរទេសហ្នឹង អត់ធ្វើ ។ បាត់លុយអស់ ឥឡូវ ២០លាន ទៀតហើយ ហើយថាទៅខ្ចីចិន ៣០០ប្លាយលានដុល្លារ ទៀត មកជួយថៅកែ ។ លោកសង្កត់ធ្ងន់ថា អាអ្នកផលិតមិនទៅជួយ ទៅជួយថៅកែវិញ”។
លោក ស៊ុន ឆ័យ ថ្លែងថា ការពាក់ព័ន្ធតម្លៃស្រូវចុះថោក ពលរដ្ឋជំពាក់ប្រាក់ធនាគារ ហើយពួកគាត់ មិនដឹងបានប្រាក់ពីណា យកមកសងការប្រាក់ ដល់ធនាគារ ដូច្នេះគោលនយោបាយ របស់រាជរដ្ឋាភិបាល មិនត្រឹមត្រូវនោះទេ។ កាលពីថ្ងៃទី១៩ កញ្ញា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងខ្ចីលុយពីចិន ប្រមាណជា ៣០០លានដុល្លារ ដើម្បីយកមកជួយស្រាយតម្លៃស្រូវ ចុះថោក ព្រោះថវិកា ២០លានដុល្លារ របស់រាជរដ្ឋាភិបាល និងថវិកា៧លាន របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) មិនគ្រប់គ្រាន់នោះទេ។ ទន្ទឹមនោះ សម្ដេច បានអំពាវនាវបន្ថែមទៅកាន់ មន្ត្រីរាជរដ្ឋាភិបាល និអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងក្រុមហ៊ុនឯកជន បន្តចូលរួមនៅក្នុងចលនា ជួយទិញស្រូវប្រជាកសិករឲ្យបានកាន់តែច្រើនឡើង នៅទូទាំងប្រទេស ហើយបន្ទាប់ពីការអំពាវនាវនោះចលនាស្មគ្រ័ចិត្តជួយទិញអង្ករ និងស្រូវបានរីកផុលផុសពេញប្រទេស ៕