ហ្វីលីពីន៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ឆេះកំហឹងសាជាថ្មីដោយប្រមាថសហភាពអឺរ៉ុបដោយសារតែ EU បានរិះគន់ចំពោះកំណើនអ្នកស្លាប់នៅក្នុងការបង្ក្រាបដ៏ព្រៃផ្សៅរបស់គាត់លើឧក្រិដ្ឋជន។
លោក Duterte បានបង្ហាញពីការប្រមាថរបស់គាត់ជាមួយនឹងសញ្ញាឈ្លើយគឺលើកម្រាមដៃកណ្តាលរបស់គាត់បន្ទាប់ពីសភាអឺរ៉ុបបានថ្កោលទោសចំពោះរលកនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការនិងការសម្លាប់នៅក្នុងប្រទេសហ្វីលីពីននាពេលថ្មីៗនេះ។
មេដឹកនាំវ័យ៧១ឆ្នាំរូបនេះបានបញ្ចេញប្រតិកម្មស្រដៀងគ្នានេះដែរចំពោះការរះគន់ជាអន្តរជាតិលើសង្គ្រាមថ្នាំញៀនរបស់គាត់កាលពីលើកមុនដោយបានហៅប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់អូបាម៉ាថា “កូនមីសំផឹង” និងនិយាយស្តីបន្ទោសអង្គការសហប្រជាជាតិ។
សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា លោក Duterte ត្រូវបញ្ចប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការនិងការសម្លាប់ហើយបើកការស៊ើបអង្កេតជាបន្ទាន់ចំពោះពួកគេ។
គួរបញ្ជាក់ថា លោក Duterte បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងខែឧសភាបន្ទាប់ពីបានសន្យាថានឹងលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងរយៈពេលប្រាំមួយខែហើយសន្យាថាឧក្រិដ្ឋជន១០០,០០០នឹងត្រូវបានសម្លាប់នៅក្នុងដំណើរការនេះ៕