ដោយ៖ប៉ែន សុផល
បាត់ដំបង៖បើតាមការអះអាងរបស់បុគ្គលិកប្រមាណចំនួន១០០នាក់បម្រើការងារនៅក្នុងកាស៊ីណូ(អ៊ីហ្គល ឃីង) និងសណ្ឋាគារស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងបានប្រាប់នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះថា មូលហេតុដែលពួកគាត់មិនព្រមធ្វើការបន្ត ហើយមកផ្តុំគ្នានៅទីនេះ គឺពួកគាត់ធ្វើការតវ៉ាសុំអោយខាងក្រុមហ៊ុនបើកប្រាក់ខែ ប្រចាំខែឧសភា ខែកក្កដា និងខែសីហា កន្លងទៅដែលថៅកែ បានត្រឹមលួងលោម និងសន្យាថាបើកអោយ ប៉ុន្តែគ្រាន់តែសន្យា រហូតបុគ្គលិកនៅផ្នែកខ្លះបង្ខំចិត្តឈប់ធ្វើការ។
ការតវ៉ារបស់បុគ្គលិកកាស៊ីណូ( អ៊ី ហ្គល ឃីង)និងសណ្ឋាគារខាងលើនេះបានធ្វើឡើងរយះពេលពីរថ្ងៃជាប់ៗគ្នាគឺតាំងពីថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមហ៊ុនមិនបានបើកប្រាក់ខែតាមការសន្យានៅថ្ងៃទី០៥ -ខែឧសភា ខែកក្កដា ខែសីហានិនិងខែកញ្ញា២០១៦នេះខណៈដែលសព្វដងគឺបើកទៀងទាត់នៅរៀងរាល់ថ្ងៃទី០១ដល់ថ្ងៃទី៥នៃខែនីមួយៗ ប៉ុន្តែលើកនេះមិនត្រឹមមិនបើកលុយឲ្យបុគ្គលិកទេ ថៅកែកាស៊ីណូ(អ៊ី ហ្គល ឃីង)និងសណ្ឋាគារមួយនេះរួមទាំង បក្សពួកបានគំរាមថា បើបុគ្គលិកណាចង់ឈប់ធ្វើការក៍ឈប់ទៅ ខាងក្រុមហ៊ុនមិនបើកប្រាក់ខែឲ្យនោះទេ ប៉ុន្តែក្រោយមកដោយសារព័ត៌មាននេះបែកធ្លាយដល់សារព័ត៍មាន ទើបថៅកែបានលួងលោមបុគ្គលិក ហើយឲ្យបុគ្គលិកត្រឹមខ្ចីប្រាក់មួយចំនួនដើម្បីបង់ថ្លៃផ្ទះ ទឹក និងថ្លៃភ្លើង តែបុគ្គលិក សរុបជាង១០០នាក់នាំគ្នាតវ៉ាមិនព្រមធ្វើការបន្ត ។
បើយោងតាមការលើកឡើងពីប្រធានសន្តិសុខនៅក្នុងកាស៊ីណូ ខាងលើបានប្រាប់នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះថា: ក្រោយពីការតវ៉ារបស់បុគ្គលិក រយះពេល២ថ្ងៃកន្លងមកនេះ គឺនៅថ្ងៃ២១ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ ទើបថៅកែកាស៊ីណូអ៊ី ហ្គល ឃីងនិងសណ្ឋាគារបានយល់ព្រមចេញមកធ្វើការសម្របសម្រួលជាមួយបុគ្គលិក ហើយបានសន្យាជាថ្មីថា នឹងបើកប្រាក់ខែជូនដល់បុគ្គលិកគ្រប់ផ្នែក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ទើបបុគ្គលិកទាំងអស់គ្នាយល់ព្រម ហើយបានចូលធ្វើការជាធម្មតាវិញសិន ដោយរង់ចាំដល់ថ្ងៃកំណត់បើកប្រាក់ខែដើម្បីយកទៅចាយវាយថ្លៃផ្ទះ ថ្លៃទឹក ភ្លើង និងធ្វើដំណើរទៅផ្ទះចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនាខាងមុខនេះ។
ពាក់ព័ន្ធទៅនិងបុគ្គលិកកាស៊ីណូចំនួន១០០នាក់ផ្ទុះការតវ៉ានេះផងដែរលោក ជា សុផាតអភិបាលស្រុកកំរៀងបានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី២២ខែកញ្ញានេះថា លោកមិនបានដឹងអ្វីទេ ព្រោះវាជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុន មិនមានការពាក់ព័ន្ធជាមួយអាជ្ញាធរស្រុកនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅបុគ្គលិកជាង១០០នាក់ ជំនាញគ្រប់ផ្នែកបម្រើការងារនៅក្នុងកាស៊ីណូ(អ៊ី ហ្គល ឃីង)និងសណ្ឋាគារខាងលើបាននាំគ្នាធ្វើការតវ៉ាម្តងរួចមកហើយ តែត្រូវបានខាងក្រុមហ៊ុនលួងលោម ពន្យារពេលរហូតមកដល់ថ្ងៃនេះ៕