រាជធានីភ្នំពេញ៖សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិរៀបចំពិធីអបអរសាទរខួបឆ្នាំទី២៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០១៦ ) នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ការអនុញ្ញាតនោះ យោងតាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅរសៀលថ្ងៃទី២៣ កញ្ញានេះ សាលារាជធានីភ្នំពេញនឹងបើកកិច្ចប្រជុំមួយជាមួយតំណាងគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខនៅទីស្នាក់ការគណបក្ស។
បើតាមលិខិតស្នើសុំរបស់ CNRP ពិធីអបអរសាទររំឮកខួបទិវាប្រកាសរដ្ឋធម្មនុញ្ញនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤កញ្ញា ក្រោមអធិបតីភាពលោក សម រង្ស៊ី (តាមរយៈវីដេអូខនហ្វើរិន)និងលោក កឹម សុខា ដោយមានសកម្មជននិងប្រជាពលរដ្ឋប្រមាណ៥០០នាក់ចូលរួម៕