មនុស្ស​២៧​នាក់​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ឥណ្ឌូណេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2016 ក+ ក-

ហ្សា​ការ​តា​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​២៧​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​២២​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ក្នុង​គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី​យ៉ាង​សម្បើម​វាយប្រហារ​ខេត្ត West Java ដែល​នៅ​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន ស៊ិន​ហួរ ផ្សាយ​នា​រសៀល​ថ្ងៃ​សុក្រ ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។​
​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយធម្មជាតិ​លោក Sutopo Purwo Nugroho បាន​ឲ្យ​ដឹងថា ខណៈ​នេះ​ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ត​ស្វែងរក​អ្នក​ដែល​កំពុង​បាត់​ខ្លួន​ចំនួន​២២​នាក់​ទៀត​។ លោក​បញ្ជាក់ថា គ្រោះទឹកជំនន់​នេះ កើតឡើង​នៅតាម​ទីតាំង​មួយចំនួន ក្នុង​សង្កាត់ Garut និង បាន​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ ៩៥១​ខ្នង​។ ជាមួយគ្នានេះដែរ ប៉ូលីស ទាហាន និង​ភ្នាក់ងារ​ជួយសង្គ្រោះ សរុប​១,៦០០​នាក់ កំពុង​ចូលរួម​សហការគ្នា ក្នុង​ប្រតិបត្តិ​ការស្វែងរក និង​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុង​មហន្តរាយ​ដ៏​អាក្រក់​នេះ​។​
​លោក​បន្ថែមថា គ្រោះទឹកជំនន់​នេះ​ក៏បាន​បណ្តាល​ឲ្យ មនុស្ស​៣២​នាក់​ទទួលរង​បួស និង​បាន​បង្ខំ​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី​ប្រមាណ ៤៣៣​គ្រួសារ ឲ្យ​ជម្លៀស​ខ្លួន​ទៅរក​ទីទួល​សុវត្ថិភាព ដែល​ត្រូវ​បានរៀបចំ​ដោយ​រដ្ឋាភិបាល​ផងដែរ​។ លោក Sutopo Purwo Nugroho បន្ថែមទៀតថា នៅ​សង្កាត់ Sumedang វិញ មនុស្ស​បីនាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា បន្ទាប់​ការ​រអិល​បាក់​ដី បាន​វាយលុក​ចំ​ទីតាំង​នោះ​។ ប្រទេស​ឥណ្ឌូណេស៊ី តែង​ទទួលរង​ការវាយប្រហារ​ដោយ គ្រោះទឹកជំនន់​និង​ការ​រអិល​បាក់​ដី ធ្ងន់ធ្ងរ​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​៕

fn-2016-09-23-13-56-48-0