ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានរងការចោទប្រកាន់ពីឈ្មួញម្នាក់ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋនៅក្នុងឃុំតាក្រី ស្រុកកំរៀងកន្លងទៅថ្មីៗ ថា លោកប្រធានមន្ទីររូបនេះមិនបានធ្វើតាមការសន្យាថា ផ្តល់ម៉ាស៊ីនបូមទឹកចំនួន០២គ្រឿងឲ្យខ្លួនជាតំណាងពលរដ្ឋខ្ចីប្រើ។
ការចោទប្រកាន់នេះនៅខណៈដែលតំណាងពលរដ្ឋរូបនោះបានទម្លាយរឿងស្តារប្រឡាយចាស់ដែលមានចម្ងាយដល់ទៅ៦.០០០ម៉ែត្រហើយអស់ទឹកប្រាក់ចំនួន៧០.០០០ដុល្លារអាមេរិកដែលជាថ្លៃឈ្នួល។
លើបញ្ហានេះលោកមេឃុំតាក្រីបានប្រាប់ដល់មេគង្គប៉ុស្តិ៍កាលពីម្សិលមិញថា រឿងស្តារប្រឡាយក្នុងឃុំលោកដែលមានចម្ងាយ៦.០០០ម៉ែត្រនេះលោកមិនបានដឹងទេលោកថា ទំនងជាការធ្វើជាលក្ខណៈឯកជនប៉ុណ្ណោះ។លោកបន្តថា បើជាផ្លូវរដ្ឋលោកគួរត្រូវបានគេប្រាប់ឲ្យបានដឹងក្នុងការសហការ។ សម្តីរបស់លោកមេឃុំប្រហាក់ប្រហែលនឹងលោកប្រធានមន្ទីរដែរដោយលោកប្រធានមន្ទីររូបនោះបានបញ្ជាក់នៅថ្ងៃដដែលនេះដែរថា មានឈ្មួញម្នាក់ដោយមិនបញ្ជាក់ឈ្មោះថា មកជួបលោកដល់មន្ទីរសុំជួលឲ្យខាងមន្ទីរស្តារប្រឡាយ០១ខ្សែដែលឋិតក្នុងឃុំខាងលើដែលមានប្រវែង៦.០០០ម៉ែត្របន្ទាប់ពីមានការជំនួបគ្នារួចមកលោកផលគុណប្រធានមន្ទីរក៏បានឯកភាពរួចឲ្យមន្ត្រីជំនាញរបស់លោកចុះទៅសិក្សារួចវាយតម្លៃទៅលើការស្តានោះរួចរាល់ទើបចាប់ផ្តើមធ្វើលោកបន្តថាចំនួនទឹកប្រាក់នោះមិនបានស្តារទាំងស្រុងបានទេបានតែជាងពាក់កណ្តាលប៉ុណ្ណោះ។ លោកថា បើសិនជាឈ្មួញនោះចង់ធ្វើបន្តទាល់តែឲ្យថវិការបន្ថែមទើបធ្វើទៅបានលោកបានបញ្ជាក់ផងដែរថាលោកមិនបានដឹងថាជាប្រាក់របស់ប្រជាពលរដ្ឋណាខ្លះទេព្រោះពេលមកជួលនិងប្រគល់ប្រាក់ឲ្យខាងលោកមានតែឈ្មួញម្នាក់ទេដែលមកធ្វើបែបបទឯកសារជាមួយគ្នារីឯម៉ាស៊ីនបូមទឹក០២គ្រឿងថា ឲ្យខ្ចីប្រើនោះលោកទទួលស្គាល់តែអ្នកខ្ចីត្រូវមានលិខិតត្រឹមត្រូវពីអាជ្ញាធរទើបលោកឲ្យខ្ចីហើយនិងមានកិច្ចសន្យាសម្រាប់ទទួលខុសត្រូវផងដែរបើសិនជាបាត់បង់ឬខូចខាតអ្នកណាទទួលខុសត្រូវចុងក្រោយលោកបញ្ជាក់ដែរថាលោកមានឯកសាត្រឹមត្រូវការស្តាប្រឡាយនេះគឺជារឿងឯកជនរបស់បុគ្គល់មិនមែនក្នុងនាមជាការងាររដ្ឋនោះទេ៕
ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបងរងការចោទប្រកាន់ពីប្រជាពលរដ្ឋក្នុងឃុំតាក្រី