កូរ៉េខាងជើង៖រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្របានប្រាប់អង្គការសហប្រជាជាតិថា “ការបន្តនុយក្លេអ៊ែរ” គឺជាវិធីតែមួយគត់របស់ប្រទេសរបស់លោកដើម្បីការពារខ្លួនហើយបានប្តេជ្ញាថានឹងជំរុញកម្លាំងយោធានុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀត។
ថ្លែងទៅកាន់មហាសន្និបាត លោក រី យ៉ុងហូ បាននិយាយថា ប្រទេសរបស់លោកនឹងបន្តចាត់វិធានការដើម្បីពង្រឹងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរជាតិរបស់ខ្លួនទាំងបរិមាណនិងគុណភាព។
លោកបាននិយាយបែបនេះគឺត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំនិងមានអានុភាពបំផុតដែលបង្កឲ្យមានការថ្កោលទោសនៅទូទាំងពិភពលោកនិងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវចាប់ផ្តើមការងារលើសេចក្តីសម្រេចដាក់ទណ្ឌកម្មថ្មី។
លោក រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសចាប់តាំងពីខែឧសភាមកបានប្រាប់ក្រុមមេដឹកនាំពិភពលោកដែលកំពុងជួបជុំគ្នាថា “ការបន្តប្រដាប់អាវុធនុយក្លេអ៊ែរគឺជាគោលនយោបាយនៃរដ្ឋរបស់យើង។”
គួរបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួនពីរលើក និងបាញ់សាកល្បងមីស៊ីលជាង២០គ្រាប់នៅឆ្នាំនេះ។ បន្ទាប់ពីការបំផ្ទុះចុងក្រោយបំផុតនៅថ្ងៃទី៩ខែកញ្ញា ក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនមានសមត្ថភាពដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីល៕