មីយ៉ាន់ម៉ា៖កាលពីថ្ងៃសុក្រ សហភាពអឺរ៉ុបបានកោតសរសើរការរីកចម្រើនលើសិទិ្ធមនុស្សរបស់ប្រទេសមីយ៉ាន់ម៉ានៅក្រោមការដឹកនាំរបស់លោកស្រីអ៊ួងសានស៊ូជី និងបាននិយាយថា ខ្លួននឹងមិនណែនាំឲ្យមានសេចក្តីសម្រេចមួយទេនៅឯអង្គការសហប្រជាជាតិដែលថ្កោលទោសប្រទេសនេះ។
ថ្លែងទៅកាន់ក្រុមភាពជាដៃគូស្តីអំពីប្រទេសមីយ៉ាន់ម៉ានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោកស្រី Federica Mogherini បានហៅការរីកចម្រើនរបស់លោកស្រីស៊ូជីថាជា “សក្ខីភាពដ៏មានឥទ្ធិពលចំពោះការផ្លាស់ប្តូរមិនគួរឲ្យជឿដែលប្រទេសមីយ៉ាន់ម៉ាកំពុងឆ្លងកាត់”។
លោកស្រីបានថ្លែងថា “រដ្ឋាភិបាលបានចាត់វិធានការច្បាស់លាស់ដើម្បីកែលម្អសិទ្ធិមនុស្សនិងនឹងបានធ្វើឲ្យរឹងប៉ឹងឡើងវិញចំពោះដំណើរការសន្តិភាព។ អ្នកទោសនយោបាយត្រូវបានដោះលែង”។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ១២៥,០០០នាក់នៅតែត្រូវបង្ខាំងនៅក្នុងជំរំបណ្តោះអាសន្នបន្ទាប់ពីរលកនៃអំពើហិង្សាសម្លាប់មនុស្សនៅក្នុងឆ្នាំ២០១២រវាងពុទ្ធសាសនិកនិងអ្នកកាន់សាសនាឥស្លាមដែលជាលទ្ធផលបណ្តាលឲ្យមនុស្សជាង១០០នាក់ត្រូវបានសម្លាប់៕