រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលើពាក្យបណ្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ពីបទបរិហារកេរ្តិ៍ ។
លោក ម៉ម សូណង់ដូ ធ្លាប់បាននិយាយថា ចំពោះករណីនេះ លោកប្តឹងទាមទារសំណងជំងឺចិត្ត ១ម៉ឺនរៀល ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ ហើយលោក ម៉ូម សូណង់ដូ ក៏ចង់សំណូមពរតុលាការជំរុញឲ្យមានការផ្សឹកព្រះតេជគុណ ប៊ុត ប៊ុនតិញ ផងដែរ។
គួរបញ្ជាក់ថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ធ្លាប់មានសង្ឃដីកាថា «លោក ម៉ម សូណង់ដូ បានទៅសុំ លោក សម រង្ស៊ី យកតំណាងរាស្ត្រ២នាក់ ប៉ុន្តែលោក សម រង្ស៊ី ឲ្យតែម្នាក់ បើ អ៊ីចឹង លោក ម៉ម សូណង់ដូ មិនពេញចិត្ត ក៏បង្កើតគណបក្សនឹងមកដើម្បីផ្ចាញ់ផ្ចាល់ ខឹងគេអត់ឲ្យតំណែង»។ នេះបើតាមការរៀបរាប់លិខិតរបស់ លោក ម៉ម សូណង់ដូ ផ្ញើទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដើម្បីបំភ្លឺរឿងនេះកន្លងមក។ ប៉ុន្តែចំពោះរឿងនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ពុំបានបំភ្លឺនោះទេ ថែមទទួលទទួលស្គាល់នូវសង្ឃដីការបស់ព្រះអង្គទៀតផង៕