រាជធានីភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបាញ់គណបក្សកាន់អំណាច ជាថ្មីទៀត កាលពីម្សិលមិញ ខណៈលោក កឹម សុខា បានអំពាវនាវឲ្យមហាគ្រួសារខ្មែរ និងអ្នកនយោបាយខ្មែរជួបជុំគ្នាដោះស្រាយបញ្ហាជាតិ។
លោក សម រង្ស៊ី បានថ្លែងថា «ទម្លាប់នៅស្រុកខ្មែរ គឺអ្នកដែលមានតំណែងកាន់តំណែងនោះមួយជីវិត ពីព្រោះឱ្យតែមានខ្សែមានបក្ខពួក នៅក្នុងជួរគណបក្សកាន់អំណាច គឺនៅក្រាញអំណាច តំណែងខ្លះដល់អាយុ៦០-៧០ហើយ នៅតែចង់កាន់តំណែងហ្នឹង ចូលម្ឈូសទៀតក៏មិនដឹងដែរ វាមិនត្រូវទេ, សញ្ញាបត្រក្លែងក្លាយ ដូចមេដឹកនាំយើងមួយចំនួន ទៅទិញសញ្ញាបត្រក្លែងក្លាយ យកមកអួតយកមកបន្លំវាមិនត្រឹមត្រូវ ត្រូវតែឱ្យអ្នកដែលមាន សញ្ញាបត្រពិតប្រាកដ»។
ទាក់ទងការលើកឡើងរបស់លោក សម រង្ស៊ី ថ្មីៗនេះ សម្តេច ហ៊ុន សែន បានលើកថា បញ្ហានយោបាយនៅកម្ពុជា ដោយសម្តេចតេជោ បានលើកឡើងថា សភាពការណ៍កំពុងសភាពស្ងប់ស្ងាត់ ហើយរំពឹងមានភាពស្ងប់ស្ងាត់បែបនេះ។ សម្តេចតេជោថា ការស្ងប់ស្ងាត់បែបនេះមានភាពល្អប្រសើរ ហើយក៏រង់ចាំមើលផងដែរថា ក្នុងរដូវបុណ្យភ្ជុំនេះ«នរណាបាញ់នរណាមុន ។
ចំណែកលោក កឹម សុខា បានសរសេរនៅលើទំព័រ Facebook កាលពីម្សិលមិញថា ខ្ញុំ កឹម សុខា ក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ សារជាថ្មីម្តងទៀត ខ្ញុំ សូមបួងសួងឲ្យក្រុម គ្រួសារខ្មែរគ្រប់រូបបានជួបជុំគ្នាដោយសប្បាយរីករាយ និងក៌ សូមឲ្យគ្រួសារនយោបាយ ខ្មែរបានជួបជុំគ្នាដោះស្រាយបញ្ហាជាតិ និងប្រជាពលរដ្ឋខ្មែរជាមួយគ្នាផងដែរ។ ក្នុងឱកាសនេះដែរដើម្បីរក្សាភាពស្ងប់ស្ងាត់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើបុណ្យទានជូនបុព្វការីជនផងនោះ ខ្ញុំសូមអំពាវនាវជា ថ្មីម្តងទៀត ជាពិសេសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ សូមចៀសវាង ការប្រើអំពើហិង្សា ឬពាក្យអសុរស ឬពាក្យវាយប្រហារ គ្នាដែលនាំឲ្យប៊ះពាល់ដល់បរិយាកាស នៃពិធីបុណ្យប្រពៃណីជាតិនេះ និងប៊ះពាល់់ដល់បរិយាកាសនយោបាយយូរអង្វែង ទៅមុខទៀតផង ៕