ភ្នំពេញ៖ កាលពីវេលម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានី ភ្នំពេញបានសម្រេចឃុំខ្លួនឪពុក ម្តាយ លោកថោង សារ៉ាត់ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយខុសច្បាប់ ចំណែកប្អូនប្រុសបង្កើត និងប្រពន្ធទី២របស់ ថោង សារ៉ាត់ ត្រូវបានឲ្យវិលត្រឡប់ទៅលំនៅឋានវិញ។
អ្នកយកព័ត៌មានបានរាយការណ៍ថា កាលពីព្រឹកមិញនេះ ប្អូនប្រុសបង្កើត និងប្រពន្ធទី២ របស់លោកថោង សារ៉ាត់ ត្រូវតុលាការអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញដូចធម្មតា។ចំណែក ឪពុក និងម្ដាយ របស់ ថោង សារ៉ាត់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កញ្ញា វ៉ា សក្កដា បានធ្វើការចោទប្រកាន់ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយខុសច្បាប់ យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវលោក ស្វាយ តុញ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នឲ្យសមត្ថកិច្ចនាំខ្លួនទៅកាន់គុកព្រៃស កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី៧ ខែធ្នូនេះ។
ប្រភពបន្តថា ខណៈរៀបឡើងជិះរថយន្តទៅពន្ធនាគារព្រៃស ម្តាយលោកឧកញ៉ា ថោង សារ៉ាត់ បាននិយាយនៅមុខអ្នកកាសែតថា” ខ្ញុំសុំអភ័យទោសចំពោះការប្រើពាក្យសម្តីមិនសមរម្យមួយចំនួននៅ ក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះទៅលើលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយសារតែអ្នកស្រីខឹងខ្លាំងពេក”។
ជនជាប់ចោទទាំង២នាក់រួមមាន ១.ថោង ចំរើន ភេទប្រុស អាយុ៦៧ឆ្នាំ ២.កែវ សារី ហៅ ចែហាយ ភេទស្រី អាយុ៥៣ឆ្នាំ ដែលត្រូវជាឪពុកម្តាយ ថោង សារ៉ាត់។ដោយឡែកជនសង្ស័យ២នាក់ទៀត ១.ឈ្មោះ ថោង បូណា ភេទប្រុស អាយុ៣២ឆ្នាំ ២.ឈ្មោះ ទាវ ធីតា ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាប្អូន និងភរិយាទី២ ជនជាប់ចោទថោង សារ៉ាត់ ត្រូវបានដោះលែង បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវមិនបានពាក់ព័ន្ធទៅនឹងបទល្មើសខាងលើនេះ។
យោងតាមបញ្ញត្តមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌជនជាប់ចោទទាំង២នាក់ ខាងលើនេះ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់១លាន ទៅ៦លានរៀល ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទទាំង២បានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការ៕ សមិទ្ធ
ថោង ចំរើន និងកែវ សារី ហៅ ចែហាយ ឪពុក និងម្ដាយរបស់ ថោង សារ៉ាត់