រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា រយៈពេល៤ថ្ងៃក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្រោយបុណ្យភ្ជុំបិណ្ឌ គិតចាប់ថ្ងៃទី២៩ ខែកញ្ញ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៦៦លើក ស្លាប់មនុស្ស២៦នាក់ របួសធ្ងន់៨៦នាក់ និងរបួសស្រាល៥២នាក់។
ដោយឡែកសម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ មានមនុស្ស៧នាក់ស្លាប់ ខណៈ៤៣នាក់រងរបួសធ្ងន់ និង ២៩នាក់របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍២៤លើក (យប់១៤លើក)។ របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង២៤លើកបណ្តោលឲ្យខូចខាតយានយន្ត៣៩គ្រឿង ក្នុងនោះម៉ូតូ៣១គ្រឿង រថយន្តធុនតូច៧គ្រឿង និងរថយន្តធុនធំ ១គ្រឿង ហើយមូលហេតុដែលនាសឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរលឿន ស្រវឹង បត់គ្រោះថ្នាក់ មិនគោរពសិទ្ធិ ប្រជែង មិនប្រកាន់ស្តាំ និងងងុយដេក៕