ខេត្តសៀមរាប៖បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈឡើងតខ្សែភ្លើងដោយមិនបានផ្តាច់ចរន្តអគ្គិសនីជាមុន ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
អធិការនគរបាលក្រុងសៀមរាប លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ គុម វណ្ណនី ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ធ្វើទឹកសុទ្ធ រស់នៅភូមិកើតហេតុខាងលើ។ លោកបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដាក់ជណ្ដើរឡើងទៅតខ្សែភ្លើងម៉ូទ័របូមទឹកដាក់ធុងនៅក្នុងរោងធ្វើទឹកសុទ្ធខាងលើដោយមិនបានបិទចរន្តអគ្គិសនីជាមុនសិន ទើបបណ្ដាលឱ្យឆក់ស្លាប់ខ្លួនឯងយ៉ាងដូច្នេះ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យឃើញថា ជនរងគ្រោះពិតជាបានឆក់ខ្សែភ្លើងស្លាប់មែន ពីព្រោះនៅលើម្រាមដៃមានស្នាមពងខ្លោច ។
ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចរាល់ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕