ដោយ៖ប៉ែន សុផល
បាត់ដំបង៖បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្ដែតទឹកអូរ បន្ទាប់ពីបាត់ខ្លួនរយះពេល៣ថ្ងៃ។ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិសាស្ដ្រក្រុមទី២៩ ភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេតបាត់ដំបងបន្ទាប់ពីប្រជាពលរដ្ឋម្នាក់បានប្រទះឃើញសាកសពបុរសដែលបាត់ខ្លួនប៉ុន្មានថ្ងៃស្លាប់អណ្ដែតក្នុងទឹកអូរទាំងសភាពហើម និងធុំក្លិន។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ឹម ឈឿម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅកន្លែងកើតហេតុខាងលើ មុនពេលកើតហេតុបានបាត់ខ្លួនតាំងពីមុនបុណ្យភ្ជុំបិណ្ឌ១ថ្ងៃមកម្ល៉េះដោយមិនដឹងថាទៅទីកន្លែងណាទោះជាប្រពន្ធនិងកូនខំដើររកក៍នៅតែរកមិនឃើញ។
ប្រភពពីប្រជាពលរដ្ឋម្នាក់ផ្សេងទៀតបានអោយដឹងដែរថា ការស្លាប់របស់ជនរងគ្រោះអាចបណ្ដាលមកពីជនរងគ្រោះមានសភាពស្រវឹងខ្លាំងហើយរអិលជើងធ្លាក់ទៅក្នុងទឹកអូរគ្រប់គ្រងលេងបានក៍លង់ស្លាប់តែម្ដង ព្រោះកន្លងមកជនរងគ្រោះគេតែងតែឃើញមានសភាពស្រវឹងបាត់ភាពម្ចាស់ការជារឿយៗមក។
ចំពោះសមត្ថកិច្ចក្រោយពេលមានការភ្ញាក់ផ្អើលបានចុះពិនិត្យភ្លាមៗ ដោយសារសាកសពជនរងគ្រោះមានសភាពហើម និងធុំក្លិនស្អុយខ្លាំងពេកទើបប្រគល់សាកសពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅរសៀលថ្ងៃដដែល៕