ខេត្តមណ្ឌលគិរី៖សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៣ តុលា ២០១៦ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវក្នុងរយៈពេល៣ថ្ងៃ ក៏វែកមុខជនដៃដល់សម្លាប់ស្ត្រីម្នាក់ ចោលសាកសពទាំងអាក្រាតកាយនៅក្នុងព្រៃថា ជាករណី រំលោភហើយសម្លាប់នោះ។
កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតកររំលោភហើយសម្លាប់លើស្ត្រីម្នាក់មាន ឈ្មោះ ក្រែត ស្រីមុំ កាលពីថ្ងៃទី៣០ ខែកញ្ញា និងបានរកឃើញសាកសព នៅថ្ងៃទី០២ តុលា វេលាម៉ោង៤និង១០នាទីរសៀល នៅភូមិអូអាម ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រោយពីមានករណីរំលោភហើយសម្លាប់នោះ សមត្ថកិច្ចបានកំណត់មុខសញ្ញា រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទី តី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីមា។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា គេពិតជាបានវាយសម្លាប់ស្ត្រីជនរងគ្រោះឈ្មោះ ក្រែត ស្រីមុំ មែន តែមិនបានរំលោភទេ។ ជនសង្ស័យសារភាពទៀតថា ខោអាវដែលជនរងគ្រោះស្រាត និងសើយឡើងលើនោះគឺពេលប្រវាយប្រតប់គ្នាអូសទៅរបូត។
សមត្ថកិច្ចបានបង្ហើបថា ជនសង្ស័យនៅមានការលាក់លៀមច្រើនទៀត ចម្លើយនេះមិនទាន់យកជាការបានទេ ព្រោះខុសពីអ្វីដែលកើតឡើង និងមិនស៊ីសង្វាក់ចំពោះវត្ថុតាងដែលបន្សល់លើសាកសព ចម្លើយសំហេតុផល ទោះជាយ៉ាងណាជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធិ៕