ទូត​អាមេរិក​លុបចោល​ព័ត៌មាន​កម្ពុ​ជាមាន​ជំងឺ Zika» ចេញពី Facebook
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​បន្ទាប់ពី​រង​នូវ​ការព្រមាន​ធ្ងន់ៗ ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លុបចោល​សេចក្តីប្រកាស​ព័ត៌មាន​ដែល​អះអាងថា «​ជំងឺ Zika កំពុង​កើតមាន​នៅតាម​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា​» ចេញពី Facebook ផ្លូវការ​របស់ខ្លួន ។​
​សូមជម្រាបថា ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បានចេញ​ផ្សាយ​ព័ត៌មាន​ស្តីពី​ជំងឺ Zika នៅ​កម្ពុជា​, ដោយបាន​លើកឡើងថា «​ជំងឺ Zika កំពុង​កើតមាន​នៅតាម​តំបន់​ខ្លះ នៃ​ប្រទេស​កម្ពុជា ហើយ​គេ​មិនដឹងថា អ្នកធ្វើដំណើរ​ប្រឈម​នឹង​ជំងឺ​នេះ​ប៉ុនណា​ទេ​។ ដូច្នេះ​នារី​ដែលមាន​ផ្ទៃពោះ ឬ​គ្រោង​នឹងមាន​ផ្ទៃពោះ គួរតែ​ពិភាក្សា​ពី​គំរោង​ធ្វើដំណើរ ជាមួយ​វេជ្ជបណ្ឌិត ហើយ​គួរ​ពិចារណា​ផ្អាក​ការធ្វើដំណើរ​ណា​ដែល​មិនចាំបាច់​មក​ប្រទេស​កម្ពុជា​»​។​
​យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បានប្រកាស​បដិសេធចោល​ទាំងស្រុង ភ្លាមៗ ជុំវិញ​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ដោយ​លោក​អះអាងថា កម្ពុជា​គ្មាន​ជំងឺ Zika ដូច​ការចោទប្រកាន់រ​បស់​ស្ថានទូត​អាមេរិក​នោះទេ ចាប់តាំងពី​ឆ្នាំ​២០១០​មក ប្រទេស​កម្ពុជា​ពុំទាន់​រកឃើញ​ករណី Zika ទេ​។ បច្ចុប្បន្ននេះ​បញ្ហា​ជំងឺ Zika ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជាទីបំផុត និង​តម្លាភាព ហើយ​ពេលនេះ កម្ពុជា​បាន​សហការគ្នាជាមួយ អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ចូល​កម្ពុជា ៕

fn-2016-10-03-18-57-36-0