មនុស្ស​ជាង​៥០​នាក់​ស្លាប់ដោយសាររត់​ជាន់គ្នា​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

​អេ​ត្យូ​ពី​៖​យ៉ាងហោចណាស់​មនុស្ស​៥២​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​នៅឯ​ពិធីបុណ្យ​សាសនា​មួយ​ក្នុងប្រទេស​អេ​ត្យូ​ពី​បន្ទាប់ពី​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដា​ក់​ក្រុមអ្នកតវ៉ា​ដែល​បង្ក​ការរត់​ជាន់គ្នា​។​នេះ​ជា​ពិធីបុណ្យ​មួយ​ដើម្បី​អបអរ​ចុងបញ្ចប់​នៃ​រដូវវស្សា​។​
​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អំពើហិង្សា​បាន​ផ្ទុះឡើង​នៅឯ​ការជួបជុំ​មួយ​ក្នុង​ទីក្រុង Bishoftu ជិត​រដ្ឋធានី Addis Ababa ដោយសារតែ​ទង្វើ​របស់ “​កងកម្លាំង​គ្មាន​ការទទួលខុសត្រូវ​”​។ រដ្ឋាភិបាល​បាន​បន្ថែមថា “​ជា​លទ្ធផល មនុស្ស​៥២​នាក់​បាន​ស្លាប់​នៅក្នុង​ការរត់​ជាន់គ្នា​នេះ​”​។​
​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រុមប្រឆាំង​បាន​និយាយថា ពួកគេ​ជឿថា​មាន​មនុស្ស​ជាង​១០០ នាក់​បាន​ស្លាប់​នៅក្នុង​ភាពវឹកវរ​នេះ​បន្ទាប់ពី​មនុស្ស​រាប់ពាន់នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​បឹង​ពិសិដ្ឋ​សម្រាប់​ពិធី​អរ​ព្រះ​គុណ​មួយ​ដែល​សហគមន៍ Oromo សម្គាល់​ជា​ចុងបញ្ចប់​នៃ​រដូវវស្សា​។​
​ប្រទេស​អេ​ត្យូ​ពី​កំពុង​ប្រឈមមុខ​នឹង​ភាពចលាចល​ប្រឆាំង​រដ្ឋាភិបាល​ធំ​បំផុត​របស់ខ្លួន​នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​ហើយ​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​មួយចំនួន​បាន​លើកដៃ​របស់ខ្លួន​ដាក់​លើ​ក្បាល​ដែលជា​កាយវិការ​សម្គាល់​ជាការ​តវ៉ា​ប្រឆាំង​របស់​សហគមន៍ Oromo ។​
​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បាន​និយាយថា “​ពិធីបុណ្យ Irreecha ប្រចាំឆ្នាំ​ត្រូវបាន​បង្អាក់​ដោយសារតែ​អំពើហិង្សា​មួយ​ដែល​បាន​បង្កើតឡើង​ដោយ​ក្រុម​មួយចំនួន​។ ការបាត់​បង់ជីវិត​បា​ន​កើតឡើង​ដោយសារ​ការរត់​ជាន់គ្នា​”៕

1475504344_ethiopia-stampede