ស្លាប់២៨នាក់ របួស១៤៩ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បានឆក់យកអាយុជីវិតប្រជាពលរដ្ឋ២៨នាក់ ហើយ៩៤នាក់ទៀតរងរបួសធ្ងន់ និង៥៥នាក់រងរបួសស្រាល។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍បានបញ្ជាក់ថា បើប្រៀបធៀបរយៈពេល៥ថ្ងៃ នៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៦ ទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៥ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ និងអ្នករបួស បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលនៅឆ្នាំ២០១៥ ចំនួនអ្នកស្លាប់មានរហូតដល់៤៥នាក់ (ធ្លាក់ចុះ១៧នាក់) អ្នករបួសធ្ងន់មានចំនួន១៣៩នាក់ (ធ្លាក់ចុះ៤៥នាក់) និងអ្នករបួសស្រាលចំនួន៧៩នាក់ (ធ្លាក់ចុះ២៤នាក់)៕