អាឡេប៉ូ៖យោងតាមសារព័ត៌មាន Channel News Asia ផ្សាយនាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦នេះថា រុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចម្បាំងដ៏ទំនើបមួយគ្រឿងទៅកាន់កំពង់ផែ Tartus របស់ស៊ីរី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្អាកកិច្ចចរចាស្តីពីបទឈប់បាញ់នៅស៊ីរីជាមួយនឹងទីក្រុងមូស្គូ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានថ្លែងថា «S-300 គឺប្រព័ន្ធសម្រាប់ការពារសុទ្ធសាធ និងមិនបង្កជាការគំរាមកំហែង ដល់នរណាម្នាក់នោះឡើយ ហើយខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាការដាក់ប្រព័ន្ធមីស៊ីលការពារអាកាស S-300 នេះនៅក្នុងប្រទេសស៊ីរី បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិច មានការព្រួយបារម្ភ»។
ដោយឡែកមន្ត្រីយោធារុស្ស៊ីមួយរូបក៏បានឲ្យដឹងដែរថា ទីក្រុងមូស្គូ បានរៀបចំគំរោងក្នុងការពង្រីកមូលដ្ឋានទ័ពអាកាស Hmeimin នៅក្នុងប្រទេសស៊ីរី ដែលមានប្រព័ន្ធមីស៊ីលការពារអាកាស S-400 ស្រាប់ហើយនោះ ឲ្យក្លាយទៅជាទីតាំងយោធាអចិន្ត្រៃយ៍ទៀតផង៕