ពេញ​មួយខែ​កញ្ញា​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១៣៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខែកញ្ញា ឆ្នាំ​២០១៦ បាន​កើតឡើង​ចំនួន ២៧៥​លើក បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១៣៣​នាក់ និង​របួស ៤៣៥​នាក់ ភាគច្រើន​កើតឡើង​នៅ រាជធានី​ភ្នំពេញ ចំនួន ២៨​លើក ខេត្តកំពត ចំនួន ២៤​លើក និង​ខេត្ត​ព្រះសីហនុ ចំនួន ២០​លើក​។ ចំនួន​ជនរងគ្រោះ​ជា​មធ្យម​ក្នុង​ថ្ងៃ​ស្លាប់​ចំនួន ៤,៤៣​នាក់ និង​របួស​ចំនួន ១៤,៥​នាក់​។
​មូលហេតុ​ការបើកបរ​លើស​ល្បឿន​កំណត់ ៤២% មិន​ប្រកាន់​ស្តាំ ១៤% មិន​គោរព​សិទ្ធ​អាទិភាព ១១% វ៉ា​ជែង ១១% បត់ ៨% កត្តា​យានយន្ត ៣% កត្តា​ផ្លូវ ១% និង​ងងុយ ១%​។ ប្រៀបធៀប​នឹង​ខែកញ្ញា (​ឆ្នាំមុន​) ឆ្នាំ​២០១៥ គ្រោះថ្នាក់​ថយ​ចំនួន ១៩​លើក ស្មើ ៧% ស្លាប់​ថយ​ចំនួន ១៨​នាក់ ស្មើ ១៣% និង​អ្នករបួស​ថយ​ចំនួន ៩១​នាក់ ស្មើ ២១%​។
​ប្រៀបធៀប​នឹង​ខែសីហា (​ឆ្នាំមុន​) ឆ្នាំ​២០១៦ គ្រោះថ្នាក់​ថយចុះ​ចំនួន ១៥​លើក ស្មើ ៥% ស្លាប់​កើន​ចំនួន ៣​នាក់ ស្មើ ២% និង​អ្នករបួស​ថយ​ចំនួន ៦០​នាក់ ស្មើ ១៤%​។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៥​ថ្ងៃ (​ពីថ្ងៃ​ទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​២ ខែតុលា​) ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៥ មាន​ចំនួន ៧៥​លើក ថយ​ចំនួន ៣៤​លើក ស្មើ ៤៥% ស្លាប់​ចំនួន ២៨​នាក់ ថយ​ចំនួន ១៧​នាក់ ស្មើ ៦០% និង​របួស​ចំនួន ១៤៩​នាក់ ថយ​ចំនួន ៦៩​នាក់ ស្មើ ៤៦%៕

m14-10-15-b2