ខេត្តពោធិ៍សាត់៖បុរសម្នាក់កំពុងបណ្តើរឆ្កែចូលព្រៃ ដើម្បីបេះផ្កាព្រៃមកលក់ ក៏ជាន់មីនបណ្តាលឲ្យដាច់ប្រអប់ជើងខាងស្តាំ ភា្លមៗនោះក៏បាន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃឡង់ដ៏។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ និង១០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចច១ (ជិតកែងអូរសួស្តី បំបែកទៅវាលក្តួច) ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការបានឲ្យដឹងថា ជនរងគ្រោះ ដែលជាន់មីនដាច់ប្រអប់ជើងខាងស្តាំនោះ មានឈ្មោះ ឌិន សុភ័ក្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរជាកសិករ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបាននិយាយមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បណ្តើរឆ្កែចូលព្រៃនៅចំណុចគ្រោះថ្នាក់ (ច១) ដើម្បីរុករក និងបេះផ្កាព្រៃមកលក់ដោះដូរជីវភាពគ្រួសារ ស្រាប់តែដល់ចំណុចកើតហេតុខាងលើ បានជាន់មីនបណ្តាលឲ្យផ្ទុះដាច់ប្រអប់ជើងខាងស្តាំតែម្តង។ លោកអធិការបានបញ្ជាក់ផងដែរថា ប្រភេទមីនដែលបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋខាងលើនេះ ជាប្រភេទមីន ដែលបន្សល់ទុកកប់ក្នុងដី តាំងពីសម័យសង្គ្រាមមកម្ល៉េះ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ តាមច្រក៥៦ ឃុំថ្មដា៕