ដោយ៖ប៉ែន សុផល
បាត់ដំបង៖កម្លាំងបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងប្រជល់មាន់លួចលាក់១កន្លែងឃាត់ខ្លួនអ្នកពាក់ពន្ធ័ចំនួន៥នាក់ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។
លោក ឈឿង គឹមសុង ប្រធានក្រុមបង្ការបង្ក្រាបនៃស្នងការនគរបាលខេត្តបាត់ដំបងដែលដឹកនាំការបង្ក្រាបបានអោយដឹងថា ករណីបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើនដែលរងការប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារជាបន្ដរបន្ទាប់ដោយសារតែប្ដីរបស់គាត់ហានយកស្រូវ គ្រឿងអលង្ការ ទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀតយកទៅលក់ដើម្បីភ្នាល់មាន់ជលរហូតដល់ហានឈ្លោះប្រកែកនិងការប្រើអំពើហិង្សាលើប្រពន្ធកូនជារឿយៗផងដែរ។
កម្លាំងនគរបាលជំនាញបានបន្ដថា ករណីបង្ក្រាបទីតាំងល្បែងប្រជល់មាន់ខាងលើធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិសាស្ដ្រដីឡូចំការល្មុត១កន្លែង ឋិតក្នុងក្រុមទី១១ ភូមិដំបូកបុណ្យ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលទីតាំងនេះតែងតែលួចលាក់ប្រព្រឹត្តជាយូរមកហើយ។ ករណីបង្ក្រាបនេះដែរឃាត់ខ្លួនបានមនុស្សចំនួន៥នាក់ ឈ្មោះ វ៉ាត វ័រ ភេទប្រុស អាយុ៥៤ឆ្នាំ ឈ្មោះ សី ឡាញ់ ភេទប្រុស អាយុ៤៥ឆ្នាំ ឈ្មោះ ទី តិក ភេទប្រុស អាយុ៤២និងឈ្មោះលី យិនអ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ រីឯម្ចាស់ផ្ទះឈ្មោះតារួម ក្នុងហេតុការណ៍បានគេចខ្លួនបាត់ទាំងអស់គ្នារស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតរួមទាំងសង្វៀនធ្វើពីឫស្សី និងកៅស៊ូបាំងត្រូវសមត្ថកិច្ចកម្ទេចចោលតែម្ដង។
ប្រធានក្រុមបង្ការបង្ក្រាប លោក ឈឿង គឹមសុងបានបញ្ជាក់ថា ក្រោមបទបញ្ជារបស់លោកស្នងការបានណែនាំអោយអប់រំនិងតម្រូវអោយកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តិបន្ដទៅទៀតរួចអោយដែលជនពាក់ពន្ធ័ទាំង៥នាក់ខាងលើនេះត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញទុកជាការប្រមាន៕