រាជធានីភ្នំពេញ៖រដ្ឋសភា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានារដ្ឋសភា ដោយមានការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៨ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ។
ទោះជាយ៉ាណាក្នុងកិច្ចប្រជុំនេះគេសង្កេតឃើញថា មានតែតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជាប៉ុណ្ណោះ (វត្តមានចំនួន៦៧រូប) ដោយឡែកក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង មិនមានវត្តមាននៅក្នុងកិច្ចប្រជុំនោះទេ។ របៀបវារៈដែលនឹងពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ សម្រាប់នីតិកាលទី៥នេះរួមមាន៖ទី១៖ ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥។ ទី២៖ របាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើក ទី៦ និងលើកទី៧ នីតិកាលទី៥។ ទី៣៖ ការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនការង ចំនួន៣ រូប នៃអាជ្ញាធរ សវនកម្មជាតិ សម្រាប់អាណត្តិ៥ឆ្នាំ។ ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជិវៈ វិស័យសុខាភិបាល ។ទី៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពីប្រព័ន្ធឆ្លងកាត់គយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ច សម្រូលការដឹកជញ្ជូនឆ្លងកាត់ទំនិញ។ ទី៦៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី សារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញារបើកចំហសេវាហិរញញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវា។ ទី៧៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយប់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូក៣។ ទី៨៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ កិច្ចព្រមព្រៀង ស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយ អាស៊ាន, ពិធី សារស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន និងពិធីសារស្តីពីក្របខ័ណ្ឌ ច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយ អាស៊ានជាដើម៕