រាជធានីភ្នំពេញ៖អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ដែលថ្លែងនៅប៉ុន្មាននាទីមុននេះ ក្នុងសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានអះអាងថា មូលហេតុដែលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបន្តធ្វើពហិការមិនចូលប្រជុំរដ្ឋសភា ដោយសារគណបក្សសង្គ្រោះជាតិទទួលបានព័ត៌មានពីមជ្ឈដ្ឋាននានាថា មានការគំរាមកំហែងមកលើក្រុមតំណាងរាស្ត្រខ្លួន ប៉ុន្តែលោកមិនបានបញ្ជាក់អំពីការគំរាមកំហែងនោះទេ។
លោក យឹម សុវណ្ណ បានថ្លែងថា បើចង់ឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តក្នុងបរិយាល្អលុះត្រា តែគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា សំអាតបរិយាកាស នយោបាយជាមុន ។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទាល់តែភាគីទាំងពីររួមគ្នាសំអាតបរិយាកាសនយោបាយ។ហើយភាគីម្ខាងទៀតបង្ហាញឆន្ទៈមិនចូលរួមដោះស្រាយ យើងខ្ញុំក៏មិនអាចធ្វើបានដែរ ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា យើងទទួលបានព័ត៌មានចុងក្រោយ គឺថា មានការគំរាមកំហែងមកលើក្រុមអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខណដែលយើងបានធ្វើការប្រមែប្រមូលព័ត៌មាន កាលពីព្រឹកមិញ ។ បន្ទាប់មកយើងធ្វើការជួបជុំគ្នានិងសម្រេចចិត្តរួមគ្នាថា តំណាងរាស្ត្រ CNRP មិនត្រូវទៅចូលរួមប្រជុំសភាព្រឹកនេះទេ ៕