អាមេរិក៖យ៉ាងហោចណាស់មនុស្ស១៧នាក់បានស្លាប់ ខណៈមនុស្សជិត២លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពដោយសារព្យុះ Hurricane Matthew ដែលជាព្យុះដ៏អាក្រក់បំផុត។
នៅរដ្ឋ North Carolina មានមនុស្ស៨នាក់បានស្លាប់បាត់បង់ជីវិត រដ្ឋ Florida មាន៥នាក់ រដ្ឋ Georgia ៣នាក់ និង១នាក់ នៅក្នុងរដ្ឋ North Carolina។ ចំណែកឯភិបាលរដ្ឋ North Carolina បានឱ្យដឹងថា មានប្រតិបត្តិការជួយសង្គ្រោះជាង ៨៧៧ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ឈានចូល ថ្ងៃអាទិត្យ ដោយក្នុងនោះមាន ៥០០ ប្រតិបត្តិការជួយសង្គ្រោះ ធ្វើឡើងនៅក្នុងតំបន់ Cumberland។ ទន្ទឹមនោះប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ក៏បានប្រកាសដាក់រដ្ឋ Florida និង រដ្ឋ Georgia ក្នុងគ្រាមានអាសន្ន ដើម្បីជួយសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា ព្យុះ Hurricane Matthew ដែលជាព្យុះដ៏អាក្រក់បំផុតប្រចាំទសវត្សរ៍បានសម្លាប់មនុស្សកើនឡើងដល់ជាង៩០០នាក់ហើយដែរនៅក្នុងប្រទេសហៃទី៕