ជនជាតិខ្មែរ​ម្នាក់ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​ករណីចរាចរ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ៖​យុវជន​ម្នាក់​ដែលជា​ជនជាតិខ្មែរ រស់នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ក្រុម​តម្រួត​ថៃ​ធ្វើការ​ចាប់ខ្លួន នៅក្នុង​ទឹកដី​ថៃ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ដឹកនាំ​គ្រឿងញៀន​រាប់ម៉ឺន​គ្រាប់ ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ទឹកដី​ថៃ​។​
​កិច្ចប្រតិបត្តិការ​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ ខែតុលា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច តាម​បណ្តោយ​ខ្សែ​បន្ទាប់​ព្រំដែន​ក្នុង​ទឹកដី​ថៃ ប្រមាណ​ជា ១០ គីឡូម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន នៅលើ​កំណាត់​ផ្លូវ​កែវ​ភិត​ផ្ល​យ ស្ថិត​ក្នុងភូមិ​៦​ឃុំ​ខូ​កឡាន ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខណៈដែល​កំលាំង​តម្រួត​កំពុង​ល្បាត​តាម​ដងផ្លូវ​។​
​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​៤​សុង ដែល​ក្នុង​១​សុង មាន​គ្រឿងញៀន​៥​ដុំ ហើយ​ក្នុង​១​ដុំ មាន​ថ្នាំញៀន​ចំនួន​១០ កញ្ចប់​ព៌​ណ​ខៀវ និង​ក្នុង​១​កញ្ចប់ មាន​ថ្នាំញៀន ចំនួន​២០០ គ្រាប់ សរុប​ចំនួន ៤០ ០០០ គ្រាប់ ទូរស័ព្ទដៃ​១​គ្រឿង និង​ម៉ូតូ​ម៉ា​កវេ​វ ១​គ្រឿង​ផងដែរ ។​
​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ដឹកនាំ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​មានឈ្មោះ កៅ ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្បែ​ចំណុច​អូរ​៣​ជាន់ ក្នុង​ខេត្តបន្ទាយមានជ័យ​។​
ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​ទាំងអស់នេះ​គឺ​គេ​បានទទួល​ពី​ជនជាតិខ្មែរ​ម្នាក់​ដែល​គេ​មិនបាន​ស្គាល់ឈ្មោះ ដោយ​គេ​បានកំណត់​អោយ​យកមក​ប្រគល់អោយ​ជនជាតិ​ថៃ​ដែល​គេ​នៅចាំ​ទទួល​ក្បែរ​ចំណុច​ខាងលើ ដោយ​ទទួលបាន​ប្រាក់កម្រៃ ចំនួន​៥០ ០០០ បាត​។​
​បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ទៅកាន់​ស្នងការដ្ឋាន ខេត្ត​ស្រះកែវ ហើយ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

14608075_1774229982815564_1830570295_n14599799_1774229979482231_580530704_o