ភ្នំពេញ៖ស្ត្រីខ្មែរ២នាក់ដែលត្រូវមេខ្យល់នាំទៅរៀបការជាមួយប្តីចិនបានបដិសេដមិនសហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងស៊ៀងហៃទេ ដោយអះអាងថា ពួកគេនឹងដោះស្រាយការលែងលះជាមួយប្តី និងវិលត្រឡប់មកកម្ពុជាវិញដោយខ្លួនឯង។ចំណែកពលរដ្ឋខ្មែរ៣៣នាក់ដែលត្រូវអាជ្ញាធរថៃឃុំខ្លួននៅខេត្តស្រះកែវ ខាងភាគីកម្ពុជាបានរកមេធាវីសម្រាប់ការក្តីដល់ពួកគេរួចហើយ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក កុយ គួង បានឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤នេះថា ករណីស្ដ្រីខ្មែរ២នាក់មានប្តីនៅប្រទេសចិនគេមិនបានមករកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃទេ គឺពួកគាត់បែរជាគេចទៅស្នាក់នៅផ្ទះបងប្អូន និងដោះស្រាយការលែងលះជាមួយប្ដីចិន ហើយត្រឡប់មកកម្ពុជាវិញដោយខ្លួនឯង។
គួរបញ្ជាក់ថា ស្ដ្រីខ្មែរ ២នាក់ ម្នាក់ឈ្មោះ ឃ្លោក រ័ត្ន និងម្នាក់ទៀតឈ្មោះ ម៉ៅ សារឿន មានស្រុកកំណើតនៅខេត្តកំពង់ចាមដូចគ្នា ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅរៀបការជាមួយបុរសជនជាតិចិននៅ ខេត្តហ្សែជាំង (Zhejiang) ប្រទេសចិន បានមកដល់ស្ថានទូតកម្ពុជា នៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីឲ្យស្ថានទូតជួយដោះស្រាយការលែងលះ និងបញ្ជូនមកកម្ពុជាវិញ តែដោយខេត្តហ្សែជាំង ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង សៀងហៃ នគរបាលចិន បានតម្រូវឲ្យដោះស្រាយករណីនេះ នៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃវិញ។ ដូច្នេះស្ថានទូតកម្ពុជា បានសម្រួលបញ្ជូនពួកគាត់មកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុង សៀងហៃ ដើម្បីដោះស្រាយ ក៏ប៉ុន្តែក្នុងពេលធ្វើដំណើរ ស្រី្ដខ្មែរទាំងពីរនាក់នេះ មិនបានមកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃទេ ពួកគាត់បែរជាគេចទៅស្នាក់នៅផ្ទះបងប្អូនទៅវិញ។ ទោះបី មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាបានខិតខំទាក់ទងពួកគាត់តាមទូរស័ព្ទ ក៏ដោយ ក៏ពួកគាត់មិនព្រមមកស្ថានអគ្គកុងស៊ុលដែរ។ ស្ដ្រីខ្មែរទាំងពីរនាក់នេះ បានប្រាប់អគ្គកុងស៊ុលថា ពួកគាត់នឹងដោះស្រាយការលែងលះជាមួយប្ដីចិន ហើយត្រឡប់មកកម្ពុជាវិញ ដោយខ្លួនឯង។
ពលរដ្ឋខ្មែរចំនួន ៣៣នាក់ ដែលត្រូវឃាត់ខ្លួននៅប្រទេសថៃកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នោះ ពួកគេមានអាយុចាប់ពី១៧ឆ្នាំ ដល់ ៤២ឆ្នាំ ស្រុកកំណើតនៅខេត្តបាត់ដំបង សៀមរាប កំពត បន្ទាយមានជ័យ និងឧត្តរមានជ័យ។បច្ចុប្បន្នអាជ្ញាធរថៃបានឃុំខ្លួនពលរដ្ឋខ្មែរទាំង៣៣នាក់ នៅខេត្តស្រះកែវ ជាបណ្ដោះ អាសន្នដើម្បីរង់ចាំឡើងតុលាការ ខណៈដែលអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានរកមេធាវីសម្រាប់ជួយការពារក្ដីដល់ពួកគាត់រួចហើយ៕