ខេត្តកណ្តាល៖លោក វិត ធារិទ្ធ ប្រធានរដ្ឋបាលជលផលខេត្តកណ្តាល ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត ដែលប្រព្រឹត្តនៅក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
គួរបញ្ជាក់ថា លោក វិត ធារិទ្ធ ធ្លាប់មានទំនាសដីធ្លីជាមួយប្រជាពលរដ្ឋនៅភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រហូតដល់អាជ្ញាធរបង្កើតគណៈកម្មការចម្រុះចុះទៅពិនិត្យដីទំនាស់នេះកាលពីរសៀលថ្ងៃទី១ខែតុលា ឆ្នាំ២០១៦ នៅចំណុចបឹងអួក ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ពាក់ព័ន្ធករណីនេះ កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំស្អាងភ្នំ ឃុំព្រែកគយ និងឃុំរការខ្ពស់ បានលើកគ្នាទៅតវ៉ានៅបរិវេណបឹងអួកដោយនិយាយថា លោក វិត ធារិទ្ធ បានរំលោភយកដីបឹងធម្មជាតិ ដែលជាបឹងបុរាណរបស់ពួកគាត់ធ្លាប់ប្រើប្រាស់ តាំងពីដើមមកជំនាន់ដូនតារបស់ពួកគាត់ជាលក្ខណៈគ្រួសារ ក្នុងការប្រកបរបរនេសាទ ទាញយកទឹកស្រោចស្រពស្រូវប្រាំង ឬផលដំណាំនានានៅរដូវប្រាំងកាប់អុសជាដើម។
ពលរដ្ឋបានចោទលោក វិត ធារិទ្ធ បានទន្ទ្រានពង្រីកកសិដ្ឋានចិញ្ចឹមត្រីបន្តិចម្តងៗ ធ្វើឲ្យដីបឹងរួមតូចៗទៅ ពីជាង១០ហិកតាមកនៅប្រហែលជា៧ទៅ៨ហិកតាប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះទេ នៅរដូវប្រាំងក៏ដូចរដូវវស្សាដែរ បឹងនេះគោកមិនមានទឹកប្រើប្រាស់នោះទេ ព្រោះតែលោក វិត ធារិទ្ធិ បានលើកទំនប់បិតផ្លូវទឹកចូលរួចផងដែរ។
មន្ត្រីសាលាស្រុកស្អាងបានប្រាប់ថា ទំនាស់រវាងលោក វិត ធារិទ្ធ និងប្រជាពលរដ្ឋ ទាក់ទងដីធ្លីកើតមានយូរហើយ ហើយមិនទាន់ដោះស្រាយឲ្យបានចប់សព្វគ្រប់នៅឡើយ ព្រោះតែលោក វិត ធារិទ្ធ បានអះអាងថា ដីទាំងនោះលោកបានទិញពីប្រជាពលរដ្ឋ ខណដែលប្រជាពលរដ្ឋចោទថា បានរំលោភយកដីរដ្ឋនាំឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ ៕