ភ្នំពេញ៖បុរសម្នាក់មានមុខរបរជាកម្មករលីសែង នៅផ្សារនាគមាសបានផឹកស្រាស្រវឹង ហើយបានប្រាប់ ប្រពន្ធថាចុះទៅរាវខ្យង ដើម្បីធ្វើម្ហូបផងនិងក្លែមស្រាផង ជាអកុសលបានរអិលជើង ធ្លាក់ចូលទៅក្នុងរណ្ដៅ ដីជ្រៅមួយកន្លែង ដែលឈ្មួញជីកយកអាចម៌ដីលក់ បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹក ខណៈនោះប្រពន្ធ និងអ្នកស្រុកភូមិ បាននាំគ្នារាវរកដែរប៉ុន្តែមិនបានឃើញនោះទេ។
លុះ៣ថ្ងៃក្រោយមកគឺនៅថ្ងទី១០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ទើបសាកសពអណ្ដែតឡើង នៅលើផ្ទៃទឹកក្នុងរណ្ដៅដីនោះ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ ក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងទាំងព្រឹកតែម្ដង។
បុរសរងគ្រោះខាងលើនោះឈ្មោះ សាន វិចិត្រ អាយុ៣២ឆ្នាំ មុខរបរជាកម្មករលីសែង នៅក្នុងផ្សារនាគមាស មានប្រពន្ធឈ្មោះ ជា រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករនិងមានកូនស្រីម្នាក់នៅក្នុងបន្ទុកគ្រួសារ ពេលនេះ សាកសពមានសភាពហើមស្អុយទៅហើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ បុរសរងគ្រោះបានផឹកស្រារហូតស្រវឹងជោគ បន្ទាប់ មកបានប្រាប់ប្រពន្ធថា ទៅរាវខ្យងដើម្បីយកទៅធ្វើម្ហូបនិងក្លែម បន្ទាប់មកក៏ចេញពីផ្ទះទៅបាត់ ហើយខណៈ ពេលចុះរាវខ្យង បានរអិលជើងធ្លាក់ចូលទៅក្នុងរណ្ដៅដី បណ្ដាលឲ្យលង់លិចបាត់ទៅក្នុងទឹក។ភ្លាមៗនោះ ប្រពន្ធកូននិងអ្នកស្រុកភូមិ បាននាំគ្នារាវរកដែរប៉ុន្តែមិនឃើញ លុះ៣ថ្ងៃក្រោយទើបប្រទះឃើញ សាកសពអណ្ដែតនៅលើទឹករណ្ដៅដីនោះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាល ខណ្ឌដង្កោក៏បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជាក់ស្ដែង និងរាយការណ៍ជូននគរបាលបច្ចេកទេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ ដើម្បីប្រគល់សពឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕