ខេត្តបាត់ដំបង៖បុរសចំណាស់ម្នាក់ឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ ដែលបានប្រើអំពើហិង្សាដាក់គ្នារវាងប្តីនិងប្រពន្ធរហូតបណ្តាលអោយប្រពន្ធស្លាប់នៅក្នុងថ្លុកឈាមដោយសារចាក់នឹងកាំបិតពេលនេះបានស្លាប់ហើយបន្ទាប់ពីរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយរយៈ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យតែងតែព្យាយាមសម្លាប់ខ្លួនឯងរហូតដល់ម៉ោង៦ និង២០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះជនរងគ្រោះបានស្លាប់តែម្តង ប៉ុន្តែមិនមានការអះអាងច្បាស់លាស់ណាមួយថា ជាអំពើឃាតកម្មដោយខ្លួនឯង ឬដោយសារស្ថានភាពជំងឺឡើយ។
គួររម្លឹកថា ហេតុការណ៍ប្រើអំពើហិង្សារហូតសម្លាប់គ្នារវាងប្តីប្រពន្ធចំណាស់ខាងលើផ្តើមចេញពីភ្លើងប្រចណ្ឌ ហើយរយៈពេល៥ថ្ងៃមុនពេលសម្លាប់ខ្លួន កាលពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះនៅក្នុងភូមិសាស្ត្រក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ជាមួយគ្នានោះតុលាការក៏បានចេញដីការឃុំខ្លួនពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពជនរងគ្រោះ៕