ក្រុងមូស្គូ៖មន្ត្រីក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការបាញ់សាកល្បងមីស៊ីលផ្លោងចំនួន៣គ្រាប់នេះ ត្រូវបានធ្វើឡើងដែលជាផ្នែកមួយនៃសមយុទ្ធយោធាដើម្បីត្រៀមខ្លួនប្រយុទ្ធ ហើយតេស្តទាំងបីលើកនេះបានបាញ់ចំគោលដៅដែលត្រូវបានកំណត់ទុកដោយជោគជ័យ។ នេះបើតាមសារព័ត៌មាន Russia Today ផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦នេះ។
មន្ត្រីដដែលបញ្ជាក់ថា ការបាញ់សាកល្បងដោយ ជោគជ័យនូវមីស៊ីលផ្លោងចំនួនបីគ្រាប់នេះគឺធ្វើឡើង ស្ថិតនៅទីតាំងខុសៗគ្នា ដោយការធ្វើតេស្តចំនួនពីរត្រូវបានធ្វើ ឡើងដោយនាវាមុជទឹក មកពីអង្គភាពប្រចាំភាគខាងជើង និងប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក រីឯការធ្វើ តេស្តសាកល្បងមួយទៀត ត្រូវបានបាញ់ចេញពីស្ថានីយអាវកាស Plesetsk របស់រុស្ស៊ី។ ទន្ទឹមគ្នានេះដែរ ក៏មានការបាញ់សាកល្បងមីស៊ីលផ្លោងចំនួនមួយគ្រាប់ នៅឯសមុទ្រ Barents ដោយការបាញ់នេះត្រូវបានធ្វើឡើងដោយ បាញ់ចេញពីនាវាមុជទឹក និងត្រូវចំគោលដៅ ដូចគ្នាទៅនឹង ការធ្វើតេស្តនៅឯសមុទ្រ Okhotsk៕