សេអ៊ូល៖ជនជាតិកូរ៉េខាងត្បូង ០៣នាក់ ក្នុងនោះមានបុរសពីរនាក់ និងស្ត្រីម្នាក់ ដែលអ្នកទាំងនេះ មានអាយុខ្ទង់៤០ឆ្នាំ ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Bacolod ស្ថិតនៅក្បែររដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។ នេះបើយោងតាមមន្ត្រីមួយរូបនៃក្រសួងការបរទេសកូរ៉េខាងត្បូង។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយដកស្រុងសម្តីមន្ត្រីស្ថានកុងស៊ុលកូរ៉េខាងត្បូង ប្រចាំទីក្រុង ម៉ានីល បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ត្រូវបាន គេបាញ់សម្លាប់នៅត្រង់ក្បាល ហើយក្នុងចំណោមពួកគេមានម្នាក់ដៃជាប់ ចំណង។ មន្ត្រីរូបនេះបានបញ្ជាក់ថា រាប់ទាំងជនរងគ្រោះទាំង០៣នាក់ខាងលើ ចំនួនពលរដ្ឋ កូរ៉េខាងត្បូង ដែលត្រូវបានសម្លាប់នៅ ហ្វីលីពីន ក្នុងឆ្នាំ២០១៦នេះ កើនឡើងដល់ ០៦នាក់ បើធៀបទៅនឹងឆ្នាំ២០១៥ ជនជាតិ កូរ៉េខាងត្បូង សរុប១១នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
គួរបញ្ជាក់ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនបានបណ្ដាលឱ្យមនុស្សជាង ៣,៦០០ នាក់បាត់បង់ជីវិត គិតចាប់តាំងពីខែកក្កដាមក៕ ជាមួយគ្នានេះបើតាមភាគីកូរ៉េខាងត្បូង៕