ដោយ៖ប៉ែនសុផល
ខេត្តបាត់ដំបង៖បន្ទាប់ពីមានលេចឮនូវបាតុភាពពីផលិតផលដែលកំពុងតែដាក់តាំងលក់ នៅក្នុងស្តង់ពិព័ណ៌ ថៃ-កម្ពុជា ដែលរៀបចំឡើង ដោយរដ្ឋបាលខេត្ត បាត់ដំបង និងកិច្ចសហការចូលរួម ពីក្រុមហ៊ុន Mana Event ក្នុងការដាក់តាំងពិព័រណ៍ផលិតផល ថៃ-កម្ពុជា (រយៈពេល០៧ថ្ងៃ)។
ពិធីចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦ នៅក្នុងឱកាសអប អរសាទរពិធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សានៅខេត្តបាត់ដំបងរយៈពេល០២ថ្ងៃ (គឺថ្ងៃទី១៥ និងថ្ងៃ ទី១៦តុលា) ខាងមុខឆាប់ៗនេះ។ ទន្ទឹមនោះក៏មានលេច ចេញនូវបាតុភាពមួយចំនួនតាមបណ្តាញសារព័ត៌មាន ដែលពាក់ព័ន្ធពីកង្វល់របស់បងប្អូនអតិថិជនមួយចំនួនអំពីសុវត្ថិភាពចំណីអាហារនិងគុណភាពផលិតផលដែលតាំងលក់ក្នុងស្តង់ពិព័ណ៌ ដែលបាននិងកំពុងតែ ចាប់ផ្តើមលក់ កាលពីប៉ុន្មានថ្ងៃមុននេះ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីកង្វល់ និងបញ្ហាសុវត្ថិភាព សុខភាពនិងគុណភាពចំណី អាហារខាងលើនេះនៅវេលារសៀលថ្ងៃទី១៣ តុលា២០១៦លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង រួមជាមួយ និងថ្នាក់ដឹកនាំសំខាន់ៗ និងមន្ត្រីជំនាញ មកពីបណ្តាស្ថាប័ន អង្គភាព និងមន្ទីរវិស័យជំនាញ រួមមាន៖ សាខាកាំកុងត្រូ ល,តំណាងតុលាការខេត្ត,មន្ទីរឧស្សាហកម្មសិប្ប កម្មខេត្ត,មន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីសាលា ខេត្តបាត់ដំបង មួយចំនួន បានចុះត្រួតពិនិត្យនិង ធ្វើតេស្ត គុណភាព និង ពិនិត្យ រកសារធាតុដែល ប៉ះពាល់សុវត្ថិភាពផលិតផល និង ចំណីអាហារ ដែលកំពុងតាំងលក់ក្នុងស្តង់ពិព័រណ៍។ តាមការពិនិត្យ និងធ្វើតេស្ត របស់ មន្ត្រីជំនាញកាំកុងត្រូល ខេត្តបាត់ដំបងបានបង្ហាញថា លិតផលទាំងនោះ មិនមានសារធាតុគីមី បូរ៉ាក់ ឬម្សៅសនៅក្នុងចំណីអាហារទាំងនោះឡើយ។
តែទោះបីយ៉ាងណាលោកភិបាលខេត្ត និងមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបានណែនាំឲ្យម្ចាស់អាជីវករ និងអ្នកលក់ដូរទាំងនោះ ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាអនាម័យដើម្បីធានាសុវត្ថិភាព ដល់អ្នកបរិភោគផង និងយកទៅប្រើប្រាស់។
អភិបាលខេត្តបាត់ដំបង ច័ន្ទ សុផល ក៏បានថ្លែងអំណរគុណដល់អាជីវករទាំងអស់ដែលបានមកចូលរួមនៅក្នុងការតាំងលក់ផលិតផលរបស់ខ្លួនក្នុងឱកាសបុណ្យអុំទូក ក្នុងខេត្តបាត់ដំបងនេះ៕