ខេត្តបន្ទាយមានជ័យ៖ឃុំចំនួន៤នៅក្នុងស្រុកមង្គលបុរី គឺឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ត្រូវបានលោក ឡុង ពុន អភិបាលស្រុកមង្គលបុរីប្រាប់ឲ្យដឹងថាកំពុងប្រឈមរងការជន់លិចដោយទឹកភ្លៀង ហើយ និងអាចជន់លិចបើសិនភ្លៀងនៅតែបន្តធ្លាក់ខណៈដែលទឹកស្ទឹងមង្គលបុរី ដែលហូរចាក់ពីស្ទឹងបវេល ខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ គេសង្កេតឃើញទឹកមានស្ថានភាពហក់ឡើងបន្តិច ក្រោយពីខេត្តបន្ទាយមានជ័យបានទទួលរងនៅសំពាធទាប ដែលមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងរយៈពេល៣ទៅ៤ថ្ងៃចុងក្រោយនេះ ក៏ប៉ុន្តែស្ថានភាពទឹកមិនទាន់ដល់កំរិតប្រកាសអាសន្ននៅឡើយនោះទេ។
គ្រាដែលនៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ អាកាសធាតុរងសំពាធទាប និងផុតកំណត់ បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យដឹងថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យរងសំពាតទាប ចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៦។
សេចក្តីរាយការណ៍ឲ្យដឹងថា នៅស្រុកមង្គលបុរីនោះដែរ ផ្លូវលំ១ខ្សែដែលចេញពីឃុំចំណោម ដល់ភូមិសាយសាម៉ន ត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់ជាច្រើនកន្លែង បង្កឱ្យមានការលំបាកនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ការជន់លិចនោះមិនទាន់មានសេចក្តីរាយការណ៍លិចលំនៅដ្ឋានប្រជាពលរដ្ឋនៅឡើយនោះទេ។
លោក ឡុង ពុន អភិបាលស្រុកមង្គលបុរីប្រាប់ឱ្យដឹងថា ស្រុកមង្គលបុរី មកដល់ពេលនេះមិនទាន់មានការជន់លិចទឹកជំនន់ធ្ងន់នោះទេ ទន្ទឹមដែលការបង្កបង្កើនផលស្រូវនៅស្រុកមង្គលបុរីមានទិន្នផលកើនឡើងសម្រាប់ឆ្នាំនេះ។ដំណាំស្រូវមួយចំនួនរងការជន់លិច ប៉ុន្តែគ្រាន់តែរងផលប៉ះពាល់ប៉ុណ្ណោះ ដំណាំស្រូវដែលលិចលង់អាចរងការខូចខាតបើសិនភ្លៀងនៅតែបន្តធ្លាក់ទៀតនោះ។ចំនួនផ្ទៃដីដំណាំស្រូវដែលលិលង់មិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយនោះទេរងចាំមន្ត្រីមូលដ្ឋានចុះស្រាវជ្រាវនោះសិន ។
ពាក់ព័ន្ធនិងបញ្ហាទឹកជំនន់នេះដែរនៅស្រុកព្រះនេត្រព្រះ ស្ថិតក្នុងឃុំទឹកជោរ និងឃុំប្រាសាទ ក៏មានការជន់លិច ដោយទឹកភ្លៀងនោះដែរ។ សាលារៀន មណ្ឌលសុខភាព ផ្លូវលំ និងដំណាំស្រូវ មួយចំនួនរងការជន់លិច ផងនោះទៀត។ ដោយឡែកនៅក្រុងប៉ោយប៉ែត ជាប់និងប្រទេសថៃ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា ក្រុងប៉ោយប៉ែត មកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦មិនទាន់មានបញ្ហាទឹកជំនន់អ្វីឡើយ នោះទេ អាជ្ញាធរក្រុងប៉ោយប៉ែតតែងតែទំនាក់ទំនងជាមួយនិងគណៈកម្មាធិការគ្រោះមហន្តរាយរបស់ថៃដោយ គេមិនទាន់ជូនដំណឹងពីភាពប្រកាសអាសន្នបញ្ហាទឹកជំនន់ដល់ភាគីកម្ពុជាយើងនៅឡើយនោះទេ។ អាជ្ញាធរក្រុងកំពុងតាមដានស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃជាប្រចាំ។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា ស្ថានភាពរងគ្រោះដោយទឹកជំនន់កន្លងមកគឺផ្តើមពីការជន់លិចទឹកពីប្រទេសថៃធ្លាក់មក ខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃនោះផងដែរ៕