ថៃ៖មហេសីរបស់ព្រះបុត្រាស្នងរាជ្យ បានបោះបង់ចោលងាររបស់ខ្លួនទៅធ្វើជារាស្ត្រ សាមញ្ញ។ នេះគឺជាការបញ្ជាក់ផ្លូវការ លើកទី១ នៃការលាលែងរបស់ព្រះនាង បន្ទាប់ពីសាច់ញាតិទ្រង់ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុក រលួយក្នុងស្ថាប័នប៉ូលីស។
វិទ្យុបារាំងបានផ្សាយនៅថ្ងៃទី១៣នេះថា ព្រះមហាក្សត្របាន ចេញការអនុញ្ញាត ដើម្បីប្រកាសថា ព្រះនាងស្រ៊ីរ៉ាស្ម៊ី មហេសីរបស់ព្រះអង្គស្នងរាជ្យ ម៉ាហា វ៉ាជីរ៉ាឡុងកន បានបញ្ជាក់នៅក្នុងសារលិខិតថា ព្រះនាងបានលាលែងចេញពីខ្សែរាជវង្ស។នេះបើតាមសេចក្តីថ្លែងការ របស់ព្រះរាជវាំង។
ព្រះនាងស្រ៊ីរ៉ាស្ម៊ី បានរៀបអភិសេកជាមួយនិងព្រះរាជទាយាទកាលពីឆ្នាំ២០០១ ហើយរហូតមកទល់នឹងពេលនេះ ព្រះអង្គមានបុត្រាមួយអង្គ។
នៅប៉ុន្មានសប្តាហ៍នេះ មានពាក្យចចាមអារាមជាច្រើនទាក់ទងទៅនឹងជោគរាសនារបស់ក្រុមគ្រួសារ ព្រះនាងស្រ៊ីរ៉ាស្ម៊ី នៅទូទាំងប្រទេសថៃ បន្ទាប់ពីសាច់ញាតិរបស់ព្រះនាងជាច្រើននាក់ត្រូវបានចាប់ខ្លួននៅ ក្នុងរឿងអាស្រូវពុករលួយយ៉ាងធំក្នុងស្ថាប័នប៉ូលីស ដែលបានធ្វើឲ្យរង្គោះរង្គើរយ៉ាងខ្លាំងក្នុងស្រទាប់អភិជនថៃ។
មន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានចាប់ខ្លួន ដែលរួមមានទាំងក្បាលម៉ាស៊ីនរបស់ស្ថាប័នប៉ូលីស និងយោធាផង នៅខណៈដែលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបំផុតម្នាក់នៅ ក្នុងប្រទេសថៃ កំពុងតែរត់គេចខ្លួនពីការចោទប្រកាន់របស់ប៉ូលីសទាក់ទងនឹងការ សូកប៉ាន់។
ការបង្ហាញជាលើកដំបូង ដែលថាងារក្នុងខ្សែរាជវង្សរបស់ព្រះនាងស្រ៊ីរ៉ាស្ម៊ីស្ថិតនៅក្នុង ភាពមន្ទិលនោះ ត្រូវបានលាតត្រដាង កាលពីដើមខែនេះ នៅពេលដែលព្រះអង្គម្ចាស់ស្នងរាជ្យបានប្រកាសថា រាល់សមាជិកនៅក្នុងក្រុមគ្រួសាររបស់ព្រះនាងត្រូវបានលុបចេញពីបញ្ជី ឈ្មោះខ្សែរាជវង្ស។
វិទ្យុដដែលបន្តថា រាជាធិបតេយ្យនៅក្នុងប្រទេសថៃ គឺត្រូវបានការពារដោយច្បាប់រាជវង្សយ៉ាងតឹងរឹងបំផុតនៅក្នុង ពិភពលោក។ ទាំងសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិត្រូវតែស្ថិតក្រោមការ ត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុតនៅពេលដែលសរសេរព័ត៌មានទាក់ទងនិង ក្រុមគ្រួសាររាជវង្សថៃ៕
ព្រះអង្គស្នងរាជ្យ ម៉ាហា វ៉ាជីរ៉ាឡុងកន និងព្រះមហេសី ព្រះនាងស្រ៊ីរ៉ាស្ម៊ី។© Reuters