តុលាការលើកពេលសវនាការរឿង​លោក សម រង្ស៊ី ចោទ​សម្តេច​តេ​ជោ​ទិញ Facebook Like
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចោទប្រកាន់​សម្តេចនាយក​រដ្ឋមន្ត្រី​ថា បាន​ទិញ Facebook Like ដើម្បី​បង្កើន​ប្រជាប្រិយភាព ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​ទៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​វិញ ដោយ​មូលហេតុ​មេធាវី​តំណាង​លោក សោម សឿន ដាក់​ពាក្យសុំ​ពន្យារពេល និង​ដោយសារ​អវត្តមាន​មេធាវី​ការពារ​លោក សម រង្ស៊ី ផងដែរ​។​
​សូម​ជំរាប​ថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា​នេះ តុលាការក្រុង​ភ្នំពេញ បាន​បើកសវនាការ​សំណុំរឿង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ដែល​ចោទប្រកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា បាន​ទិញ Facebook Like ដើម្បី​បង្កើន​ប្រជាប្រិយភាព លើ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​មួយ​នេះ​។
​សវនាកា​នោះ​គឺ​យោងតាម ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ លោក សោម សឿន អាយុ​៦៤​ឆ្នាំ ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី បាន​ប្តឹង​លោក សម រង្ស៊ី អាយុ​៦៧​ឆ្នាំ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ភ្ជាប់​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦៕

fn-2016-10-17-10-03-33-0fn-2016-10-17-09-20-05-1