រាជធានីភ្នំពេញ៖ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានធ្វើរឿងភ្ញាក់ផ្អើលមួយទៀតហើយ ដោយលោកបានប្រកាសនៅពេលថ្មីៗ នេះថា លោកនឹងវិលចូលមកប្រទេសវិញ ដើម្បីជាថ្នូរនឹងការដោះលែងសកម្មជនរបស់ខ្លួន។
តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត៤នាទី ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនលោក សម រង្ស៊ី បាននិយាយថា” ខ្ញុំសុំប្រកាសតាមរយៈការសន្ទនានេះថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខ។ ខ្ញុំ សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជាភ្លាម ភ្លាមនោះគឺគ្រាន់តែមានពេលរៀបចំខ្លួន ទិញសំបុត្រយន្តហោះ ធ្វើដំណើរមួយថ្ងៃពីរថ្ងៃ ២-៣ថ្ងៃ ខ្ញុំមកដល់ប្រទេសកម្ពុជាវិញ តែសុំតែមួយ ខ្ញុំមកយកខ្ញុំទៅធ្វើអីធ្វើទៅ ចង់ចាប់ដាក់គុក យកទៅសម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែងអ្នកស្នេហាជាតិ ដោះលែងអ្នកទោសនយោបាយ ដោះលែងអ្នកទោសមនសិការ ក្នុងនោះគឺមានថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ មានតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មានសមាជិកព្រឹទ្ធសភា គណបក្សសង្គ្រោះជាតិ មានសកម្មជន គណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ខ្ញុំសុំឲ្យដោះលែង “។
លោក សម រង្ស៊ី ថែមទាំងបញ្ជាក់ទៀតថា ” ដោះលែង អ្នកទាំងអស់នោះពេលណា ដោះលែងអ្នកទាំងអស់នោះ ហើយសុំបន្ថែមអ្នកជាប់គុកផ្សេង មួយចំនួនទៀត មិនមែនជាគណបក្សសង្គ្រោះជាតិទេ ជាសមាជិកសង្គមស៊ីវិល ជាសមាជិកអង្គការក្រៅរដ្ឋាភិបាល ជាសមាជិកអង្គការផ្សេងៗ ដែលគេខំទៅជួយប្រជាពលរដ្ឋ ដោយភាពអព្យាក្រឹត្យ គេអត់មានគាំទ្រគណបក្សណាទេ គេខំទៅជួយជនរងគ្រោះ ចាប់គេដាក់គុកដែរ ដូច្នេះសុំឲ្យដោះលែងទាំងអស់ អ្នកដែលគ្រាន់តែជួយប្រជារាស្ត្រ ជួយគណបក្សង្គ្រោះជាតិ អ្នកស្នេហាជាតិ ក្នុងជួរគណបក្សសង្គ្រោះជាតិ រាប់ទៅ២០ជិត៣០នាក់ ដោះលែង២០ជិត៣០នាក់ហ្នឹងទៅ ពេលបានការដោះលែងទន្ទឹមគ្នា ឲ្យមានការធានារថា ដោះលែងអ្នកទោស២០-៣០ហ្នឹងទៅ គឺខ្ញុំសម រង្ស៊ី ទៅដល់ប្រទេសកម្ពុជាភ្លាមមួយរំពេច”។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយបានហៅការប្រកាសរបស់លោក សម រង្ស៊ី ថា កំពុងតែបោកប្រាស់សាធារណមតិ ហើយអាចចាត់ទុកជាសំដីមិនបានការសម្រាប់អ្នកនយោបាយកំសាកមួយនេះ៕