រាជធានីភ្នំពេញ៖មន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ លោក ធន សារាយ ប្រធានអង្គការអាដហុកពុំបានចូលបំភ្លឺជូនសាលាដំបូងរាជធានីភ្នំពេញ ជុំវិញករណីសូកប៉ាន់សាក្សី តាមការកំណត់ទេ។
យោងតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កាលពីថ្ងៃទី០៧ ខែតុលា បានកោះហៅលោក ធន សារាយ ទៅសាកសួរក្នុងនាមជាសាក្សីនៅវេលាម៉ោងនៅវេលាម៉ោង៩ព្រឹកនេះ ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
គួរបញ្ជាក់ថា កាលពីចុងខែមេសា ឆ្នាំ២០១៦ តុលាការបានចោទប្រកាន់មនុស្ស៦នាក់ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សីនេះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនោះមានមន្ត្រីសមាគមអាដហុកចំនួន៤នាក់ មន្ត្រីគ.ជ.បម្នាក់ និងមេឃុំម្នាក់ផងដែរពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរវាង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងលោក កឹម សុខា៕