ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើក្រុមហ៊ុនម៉ាស៊ីនកិនស្រូវសម្ងួតស្រូវ ឈន ឌីន មួយកន្លែងនៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងថា បានបង្ហុយលំអងស្រូវមកលើលំនៅដ្ឋានពួកគាត់ និងបង្កសំឡេងធ្វើអោយប៉ះពាល់ដល់ការរស់នៅទៀតផង។
ប្រជាពលរដ្ឋបានលើកឡើងថា ជារៀងរាល់ថ្ងៃក្រុមហ៊ុនកិនស្រូវសម្ងួតស្រូវ ឈន ឌីន ខាងលើតែងធ្វើការ២៤ម៉ោងលើ២៤ម៉ោងមិនមានពេលសំរាក ហើយថែមទាំងបានបង្ហុយលំអងស្រូវមកលើលំនៅដ្ឋានរបស់ពួកគាត់ធ្វើអោយហុយចូលបាយ ទឹក និងចូលច្រមុះនៅពេលដកដង្ហើមម្តងៗប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាព និងផ្លូវដកដង្ហើម ហើយម្យ៉ាងវិញទៀតបង្កសំឡេងរំខានដល់ការរស់នៅថែមទៀតផង។
ជាមួយគ្នានេះពួកគាត់សំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញជួយមានវិធានការទៅលើទីតាំងក្រុមហ៊ុនកិនស្រូវសម្ងួតស្រូវ ឈន ឌីន ខាងលើនេះផងដើម្បីអោយពួកគាត់បានរស់នៅស្រួលប្រកបដោយសុខភាពល្អ និងគ្មានជំងឺផ្សេងៗ។
ពាក់ព័ន្ធទៅការលើកឡើងខាងលើ លោក សុខ ឈឿក ចៅសង្កាត់វត្តគរបានប្រាប់សារព័ត៌មានយើងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា លោកធ្លាប់បានទៅណែនាំជាច្រើនដងមកហើយ ប៉ុន្តែគេមិនធ្វើតាមដូច្នេះលោកសូមអោយមន្ត្រី បរិស្ថាន និងក្រសួងសុខាភិបាលជួយចុះមកសហការគ្នាធ្វើព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ចំណែកលោក ជួប សារុន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងជុំវិញទៅនឹងបញ្ហាខាងលើនេះលោកថាមិនដឹងទេ សូមអោយលោកចៅសង្កាត់ធ្វើរបាយការណ៍មួយមកដើម្បីអោយលោកដឹង និងចាត់វិធានការបន្តថាត្រូវរៀបចំធ្វើយ៉ាងម៉ិចបន្តទៀត៕