មេ​គយ​​លោក គិ​ន លី បិទបាំង​ការ ដឹក ជញ្ជូន​ឈើ​ខុសច្បាប់ឆ្លងកាត់ ផែអន្តរជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 January, 2015 ក+ ក-

​ព្រះសីហនុ​៖ ប្រធាន​ស្នាក់ការ​គយ​រដ្ឋាករ​ប្រចាំ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ លោក គិ​ន លី កំពុង​រង​កា​រិះគន់​ជុំវិញ​អំពើពុករលួយ​ក្នុងការ​ប្រមូល​លុយ​ក្រៅ​ប្រព័ន្ធ​ពន្ធដារ​របស់​រដ្ឋ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ខុសច្បាប់​ទៅ​លក់​នៅ​បរទេស និង​ពី​ថៅកែ​ទំនិញ​ធំៗ​ជាច្រើន​ទៀត​ឥត​លើកលែង​ឡើយ​។​

ប្រភពព័ត៌មាន​ពី​មន្ត្រី​កំពង់ផែ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពេល​លោក គិ​ន លី ចូលមក​កាន់តំណែង​គ្រប់គ្រង​ផែ​អន្តរជាតិ​សាជាថ្មី គេ​សង្កេតឃើញ​ការប្រមូល​លុយ​ក្រោម​តុ​របស់ មន្ត្រី​គយ​ក្រោម​ឱវាទ​លោក គិ​ន លី មាន​សកម្មភាព​កាន់តែ​ពុះកញ្ជ្រោល​ជាង​ពេលមុនៗ​។​សូម្បីតែ ឡាន​ដឹកទំនិញ​ចេញពី​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក៏​សុទ្ធតែ​ជាប់​កាតព្វកិច្ច​បង់លុយ​ក្បាល​ឡាន​ឱ្យ​មន្ត្រី​គយ​របស់លោក​មេ​គយ គិ​ន លី យ៉ាងហោចណាស់​រថយន្ត​មួយគ្រឿង​រាប់ពាន់​ដុល្លារ​អាមេរិក​ដែរ​ដែល​ប្រាក់​ទាំងនោះ​ត្រូវគេ​សង្ស័យថា​មិនបាន​បង់​ចូល​ជា​ថវិកាជាតិ​នោះទេ​គឺ​លោក គិ​ន លី បាន​ប្រមូល​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​យ​រំភើយ ចំណែក​ថ្នាក់លើ​មិនដែលរ​វ​វីរ​វល់​ករណី​ពុក រលួយ​នៅ​កំពង់ផែ​ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់​លោក គិ​ន លី នោះឡើយ​។​

​គួរ​ជម្រាប​ថា លោក​មេ​គយ​រូបនេះ​ធ្លាប់មាន​ស្លាកស្នាម​អាស្រូវ​ដ៏​ធំ​នាពេល​កន្លងមក​ពាក់ព័ន្ធ​នឹង​ករណី អនុញ្ញាត​ឲ្យ​នាំចូល​កាកសំណល់​សារធាតុ​គីមី​ពុល​។​

មន្ត្រី​មួយចំនួនទៀត​បាន​បង្ហើ​ប​ឱ្យដឹងថា បច្ចុប្បន្ននេះ​ការដឹកជញ្ជូន​ឈើ​ប្រណីត​មាន​បេង ធ្នង់ គ្រញូង ជាដើម ត្រូវបាន​ឈ្មួញ​ធំៗ​រៀបចំ​ដាក់​ក្នុង​កុងតឺន័រ​ដើម្បី​បញ្ជូនទៅ​ស្រុក​ចិន ដោយផ្ទាល់ មិនចាំបាច់​ដឹក​ឆ្លងកាត់​ស្រុក យួន​ដែល​កំពុង​តែមាន​ជម្លោះព្រំដែន ជាមួយ​ចិន​ក៏​ចម្រូងចម្រាស់​នោះទេ ។ ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញ ទៅ​ស្រុក​ចិន អាច​ប្រើប្រាស់​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​នៅ​ទីនោះ​មាន​អ្នក​បោះ​មេ​ស្តាយ​លុយ យកទៅ​បែងចែក​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅតាម​តម្លៃ​ដែល​បាន​ចរចា​គ្នា គឺ​គេ​បង់​ទៅតាម​ចំនួន​កុងតឺន័រ ធ្វើឱ្យ​មន្ត្រី និង​សមត្ថកិច្ច​ដែល​មានមុខ​ប្រចាំការ​នៅ​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ សុខ​ស្រួល​ក្នុង​ការរាប់​កុងតឺន័រ​យកលុយ​យ៉ាង​រំភើយ មិនដែល​ខ្វល់​ពី​ការព្រមាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឡើយ ។

​ប្រភព​ដដែល​បន្តថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​ចិន និង​ទៅ​ប្រទេស​ផ្សេងទៀត តាម​រថយន្ត​កុងតឺន័រ ដោយ​ប្រើប្រាស់​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ កាន់តែ​គគ្រឹកគគ្រេង​ប៉ុន្តែ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឃុបឃិត​គ្នា​ប្រ​មួល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​យកទៅ​តូ​ថ្នាក់លើ​ដើម្បី​រក្សា​មុខតំណែង និង​រួច​ផុតពី​ទោស ។​

ប្រភព​បន្តទៀតថា បញ្ហា​ដែល​បែកធ្លាយ​រឿង​ពុករលួយ​ចេញមកក្រៅ​ពាក់ព័ន្ធ​ការនាំចេញ​ឈើ​ប្រណីត​តាម​ច្រក កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នេះ ផ្តើមឡើង​ដោយសារតែ​ក្រុម​ឈ្មួញ​បាន​កាន់​លុយដុំ​យកទៅ​បង់​ជូន​មេៗ គ្រប់​អង្គភាព​ស្ថាប័ន​ហើយ​មិនបាន​បែងចែក​ឱ្យ​មន្ត្រី​តូចតាច​ឥ​ឲ្យ​គ្នា​បាន​រស់​ផង​ទេ ទើបត្រូវ​បាន​បែក​ថ្លា​យ​ចេញមកក្រៅ​ធ្វើឱ្យ​សាធារណ ជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។

​ប្រភព​បន្តថា ជាការ​កត់សម្គាល់​រថ​យន្ត​សណ្តោង​កុងតឺន័រ​ដឹកឈើ​ប្រណីត ចូល​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ គេ​ប្រើប្រាស់​ទ្រុង​កុងតឺន័រ​ពណ៌​ខៀវ រថយន្ត​មាន​ក្បាល​ពណ៌ និង​មាន​ស្លាក​សម្គាល់​នៅ​ពីមុខ​កញ្ចក់​គ្រាន់តែ​បើក​ទៅដល់​ច្រក​កំពង់ផែ​ភ្លាម​អ្នក​កាន់​ប៉ា​រ៉ា​ស់បាន​ចាត់ការ​បើក​ប៉ា​រ៉ា​ស់ យ៉ាង​លឿន​ឱ្យ​រថយន្ត​កុងតឺន័រ​ដឹកឈើ​ទាំងនេះ បើ​ទៅកាន់​ផែ​ដោយ​គ្មាន​ការត្រួតពិនិត្យ​នោះទេ ហើយ​កុងតឺន័រ​ឈើ​ក៏​ត្រូវគេ​ស្ទូច​យកទៅដាក់​នៅលើ​កប៉ាល់​ភ្លាមៗ​មិន​បង្អង់​នាំឱ្យ​បែកការណ៍​នោះឡើយ ។​

​ប្រភព​បន្តថា សកម្មភាព​តាម​ច្រក​កំពង់ផែ​អន្តរជាតិ ក្នុង​មួយថ្ងៃៗ​ប្រមាណ ៣០​កុងតឺន័រ បើ​គិត​ជា​លុយ គឺ​រាប់សិប​លាន​ដុល្លារ​ឯណោះ បើតាម​ការវាយតម្លៃ​ត្រួសៗ​ក្នុង​កុងតឺន័រ​មួយគ្រឿង ឈើប្រណិត​អាចមាន​តម្លៃ​ជិត ២​លាន​ដុល្លារ ប៉ុន្តែ​ប្រាក់ចំណូល​ទាំងនោះ​ហូរ​ធ្លាក់ចូល​ហោប៉ៅ​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ​ប៉ុណ្ណោះ​មិន​បានជា​ប្រយោជន៍​ជាតិ​នោះទេ ។
​មជ្ឈដ្ឋាន​មួយចំនួន​បាន​ទម្លាក់កំហុស​ទៅ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​លោក​មេ​គយ​ធំ ប៉ែន ស៊ីម៉ន ថា ធ្វេសប្រហែស​ក្នុងការ​ដឹកនាំ ចាំតែ​ស្តាប់​របាយការណ៍​ភូត​ពី​មន្ត្រី​ខិលខូច ហើយ​មិន​ពិនិត្យមើល​សកម្មភាព​ពុករលួយ​ក្នុង​អង្គភាព​កំពង់ផែ​កម្រិត​អន្តរជាតិ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ដែល​មិនគួរ​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ និង​មន្ត្រី​ខិលខូច​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​បែបនេះ​ទេ ។​

​លោក គិ​ន លី ប្រធាន​ស្នាក់ការ​គយ​រដ្ឋាករ​ប្រចាំ​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត ព្រះសីហនុ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពាក់ព័ន្ធ​នឹង​ការរិះគន់​ដូចខាងលើ​បានទេ​កាលពីរ​សៀល​ម្សិលមិញ​នេះ​៕

kin-ly