ខេត្តកណ្ដាល៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយស្ត្រីរងគ្រោះពាក់ព័ន្ធករណីចាប់រំលោភរហូតនាងមានផ្ទៃពោះ៥ខែ ដែលការចាប់ខ្លួនជនសង្ស័យនេះធ្វឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។
សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ោក ទុយ ហៅ តឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិត្រពាំង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ចំណែកនារីរងគ្រោះមានអាយុ២១ឆ្នាំ ជាមនុស្សវិកលចរិត (ពេលនេះមានផ្ទៃពោះ៥ខែហើយ)។
ហេតុការណ៍ចាប់រំលោភនេះ ឪពុកម្តាយដឹងដែរតែមិនបានប្តឹងផ្តល់អ្វីទេ លុះកូនស្រីមានផ្ទៃពោះកាន់តែធំឡើងៗក៏ប្តឹងសមត្ថកិច្ចឲ្យ សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីខែឧសភា ឆ្នាំ២០១៦(មិនចាំថ្ងៃ) ខណៈជនសង្ស័យផឹកស្រាស្រវឹងជោក ដោយទៅដល់ផ្ទះយប់ពេកត្រូវបងប្អូនបិទទ្វារចោលក៏បានទៅសុំផ្ទះស្ត្រីរងគ្រោះដេក(ផ្ទះជនសង្ស័យនិងផ្ទះស្ត្រីរងគ្រោះនៅជិតគ្នាគឺរំលងតែផ្ទះប៉ុណ្ណោះ) ។ លុះវេលាម៉ោង១១ និង៥០នាទីយប់ជ្រៅដោយឃើញឱកាសល្អព្រោះដេកគ្រែជាប់គ្រែនារីរងគ្រោះ ជនសង្ស័យបានចូលទៅចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច នៅពេលនោះឪពុកម្តាយនារីរងគ្រោះក៏បានដឹងហេតុការណ៍នោះដែរ តែមិនបានធ្វើការប្តឹងសមត្ថកិច្ចទេ ដោយយល់ថា កូនខ្លួនជាមនុស្សវិកលចរិត លុះប៉ុន្មានខែក្រោយមក នារីរងគ្រោះមានផ្ទៃពោះកាន់តែធំឡើងៗ ទើបនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ម្តាយនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរឲ្យចាប់ខ្លួនជនសង្ស័យតែម្តង។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតប្រាកដមែន ដោយសារពេលនេះខ្លួនស្រវឹងស្រា៕