រាជធានីភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នេះ គ្រាដែលនារីវ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងស្រាតននលគកនៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ «អូយេស» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល៤ល្ងាច ថ្ងៃទី២៤ ខែតុលា បុរសម្នាក់បានមកជួលបន្ទប់លេខ២០C នៅជាន់ទី៣ស្នាក់នៅ ។ លុះម៉ោងប្រហែល៥ល្ងាចថ្ងៃដដែលនារីវ័យក្មេងរងគ្រោះបានមកសួរ និងប្រាប់ថាទៅស្នាក់នៅបន្ទប់នោះដែរ។ ប្រភពដដែលបន្តថា លុះដល់ម៉ោង១១ព្រឹក ថ្ងៃទី២៥ខែឆ្នាំដដែល គាត់ក៏ឡើងទៅគោះទ្វារបន្ទប់ដើម្បីសម្អាត តែពេលទៅគោះទ្វារបន្ទប់គ្មានអ្នកណាម្នាក់ឆ្លើយ គាត់ក៏ចុះទៅយកសោមកចាក់ដើម្បីចូលទៅសម្អាតក៏ប្រទះឃើញនារីវ័យក្មេងរូបនោះដេកទាំងអាក្រាតកាយននលគកក៏ចូលទៅអង្រួនជើងបំណងដាស់ឲ្យដឹងខ្លួន ពេលនោះទើបគាត់ដឹងថា នារីវ័យក្មេងរូបនោះបានស្លាប់បាត់ទៅហើយ ក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យនៅឡើយ គឺមិនទាន់អាចបញ្ជាក់បានពីអត្តសញ្ញាណ និងមូលហតុដែលបណ្ដាលឲ្យនារីវ័យក្មេងរងគ្រោះស្លាប់បាននៅឡើយទេ៕