ដោយ៖ប៉ែន សុផល
បាត់ដំបង៖សមត្ថកិច្ចកងរាជអាវុធក្នុងមូលដ្ឋានស្រុកឯកភ្នំនៅថ្ងៃទី២៦ ខែតុលានេះបានអោយដឹងថា ហេតុការណ៍ធ្វើអត្តឃាតខ្លួនឯង១ករណីបានកើតឡើងកាលពីរំលងអាធ្រាតថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ដោយសារជនរងគ្រោះមានជម្ងឺរ៉ាំរ៉ៃហើយបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តងជាក្រម៉ាចងភ្ជាប់ទៅនិងធ្នឹមផ្ទះ។
ជនរងគ្រោះឈ្មោះហស ឆម ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅក្រុមទី០៨ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង។
ប្រភពមួយផ្សេងទៀតបានអោយដឹងដែរថា ហេតុការណ៍ដូចគ្នានេះបានកើតឡើងមួយករណីផ្សេងទៀតនៅរសៀលម៉ោង៣ និង៤០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះរ៉េត ឈុនលី ភេទប្រុស អាយុ៣៥ឆ្នាំ នៅផ្ទះលេខ១១៥ ក្រុមទី៩ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងនិងខេត្តបាត់ដំបង។
អ្នកស្រី វរ សាវឿត ជាម្តាយជនរងគ្រោះបានបញ្ជាក់ថា កូនរបស់គាត់មុនពេលកើតហេតុមិនមានបញ្ហាក្នុងគ្រួសារទេ អាចបណ្តាលមកពីការគិតមិនបានត្រឹមត្រូវដោយសារតែជម្ងឺសរសៃប្រសាទហើយបានសម្រេចចិត្តចងកសម្លាប់ខ្លួនទៅនិងធ្នឹមជង្រុកស្រូវ។
ក្រោយពីទទួលបានព័ត៌មាន កំលាំងជំនាញយុត្តិធម៌និងផ្នែកពិនិត្យវិភាគបច្ចេកទេសវិទ្យាសាស្ត្របានចុះពិនិត្យនិងសន្និដ្ឋានថា ជនរងគ្រោះបានចងករសម្លាប់ខ្លួនឯង ព្រោះមានជម្ងឺប្រចាំកាយដោយមិនមានការបៀតបៀនពីអ្នកដទៃឡើយ៕
ចងកបញ្ចប់ជីវិត២នាក់នៅរសៀលថ្ងៃតែមួយ ដោយសារជម្ងឺរ៉ាំរ៉ៃ និងម្នាក់ទៀតវិកលចរិត