អាជ្ញាធរ​ខ្មែរ​បញ្ជា​ឱ្យ​កងកម្លាំង​ព្រំ ដែន​ច្រក​អូរ​ស្មាច់​ឃ្លាំមើល​សកម្ម ភាព​ទាហាន​ថៃ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2015 ក+ ក-

ឧ​ត្ត​រ​មានជ័យ​៖ ចាប់តាំងពី​ថ្ងៃទី​២២ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ កន្លងទៅ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរខេត្ត​សុរិន្ទ​របស់​ថៃ​ចំនួន ២​លើក ដើម្បី​ស្នើ​សុំឱ្យ​ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ស្រុក​កាប់​ជើង បញ្ឈប់​ការសាងសង់​សំណង់​នៅក្នុង​បន្ទាត់​ព្រំដែន​ដែល​ហាមឃាត់​។​

ការជួប​ជជែក​រវាង​អាជ្ញាធរ​ស៊ីវិល និង​មាន​មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​ទាំងសងខាង​ចូលរួម​ផង​នោះ គឺ​បន្ទាប់ពី​ភាគី​ថៃ បាន​ចូលមក​សាងសង់​អគារ និង​អង់​តែ​ន នៅក្នុង​តំបន់ហាមឃាត់​ចម្ងាយ​ប្រមាណ ១០​ម៉ែត្រ ពី​ខ្សែលួស​នៃ​ព្រំដែន​ខ្មែរ ច្រក​អូរ​ស្មាច់ ក្រុង​សំរោង​។​

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​ឱ្យដឹងថា គេ​កំពុង​បញ្ជាការ​ឱ្យកម្លាំង​ជាច្រើន​ផ្នែក​ដែល​ពាក់ព័ន្ធ និង​កិច្ចការ​ព្រំដែន តាមឃ្លាំមើល​សកម្មភាព​របស់​ទាហាន​ថៃ ខ្លាចក្រែង​មានការ​លួច​សាងសង់​សំណង់​ខុសច្បាប់​នៅ​តំបន់​ព្រំដែន​ដែល​ហាមឃាត់​ជា​បន្តទៅទៀត​។​

ការបញ្ជា​ឱ្យ​តាមឃ្លាំមើល​នេះ គឺ​នៅ​ស្រប​ពេលដែល​មិនទាន់មាន​ការជឿជាក់​ទាំ​ង​ស្រុង​ថា ភាគី​ថៃ អាច​នឹង​បោះបង់ចោល​ការសាងសង់​នៅឡើយ បើទោះបីជា​ថៃ បាន​សន្យាថា នឹង​ផ្អាក​ការសាងសង់​ជា​បណ្ដោះអាសន្ន​ក៏ដោយ​។​

អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​លោក ស ថា​វី​។ លោក​មានប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៥ ខែមករា ថា លោក​បាន​ចាត់តាំង​មន្ត្រី​ខ្មែរ​ជាច្រើន​ដែល​ប្រចាំការ​នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ឱ្យ​តាមឃ្លាំមើល​សកម្មភាព​ទាហាន​ថៃ ជាប្រចាំ ខ្លាចក្រែង​មានការ​ចូលមក​សាងសង់​នៅក្នុង​តំបន់​ព្រំដែន​ហាមឃាត់​ទៀត​។​

លោក ស ថា​វី បញ្ជាក់ថា ប្រសិនបើ​ទាហាន​ថៃ ចាប់​បន្ត​ការសាងសង់​ពេលណា គឺ​កម្ពុជា​នឹង​ចាត់វិធានការ​រារាំង​ភ្លាម​៖ «​សមត្ថកិច្ច ច្រក​នឹង​ទំនាក់ទំនង​ព្រំដែន កងកម្លាំង​របស់​យើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន គឺ​តាមឃ្លាំមើល​ជានិច្ច​។ បើកាលណា​មានការ​សាងសង់​នៅ​តំបន់ហាមឃាត់ យើង​ចាត់វិធានការ​។ ទី​១ ហាមឃាត់ ទី​២ អ្វីដែល​សាងសង់ ហើយ​ឱ្យ​រុះរើ​ចេញ ទី​៣ សូមឱ្យ​រក្សា​សភាព​ដើម​ដដែល​»​។​

ចាប់តាំងពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៤ ភាគី​ថៃ បាន​ព្យាយាម​ចាក់គ្រឹះ​បេតុង សាងសង់​អគារ​សាលប្រជុំ​១​ខ្នង​ធំ អគារ​ស្នាក់នៅ​ចំនួន ១៤​ខ្នង និង​បង្គោល​អង់​តែ​ន វិទ្យុទាក់ទង ១​កន្លែង ដោយ​ចូល​ជ្រៅ​មក​ក្នុង​តំបន់​ព្រំដែន​ហាមឃាត់​ចម្ងាយ​ប្រមាណ ១០​ម៉ែត្រ​ពី​ខ្សែលួស​នៃ​ព្រំដែន​ខ្មែរ ច្រក​អូរ​ស្មាច់​។​
​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ បាន​ចូលទៅ​ហាមឃាត់​សកម្មភាព​នោះ ក៏ប៉ុន្តែ​ភាគី​ថៃ នៅ​បដិសេធ​ដោយ​អះអាងថា គឺ​គេ​សាងសង់​នៅលើ​ទីតាំង​ចាស់​។​

កាលពី​ថ្ងៃទី​២២ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ កន្លងទៅ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ស ថា​វី បាន​ជួបប្រជុំ​ជាមួយ​អភិបាលរង​ខេត្ត​សុរិន្ទ លោក ឆាត​ឆៃ សុវណ្ណ (Chatchai Sovan) និង​នាយសេនាធិការ​របស់​ក​ង​កម្លាំង​ស៊ូ​រ៉ា​ក់ណា​រី​របស់​ថៃ លោក ណាត់ សា​អ៊ី​ន (Nat Sain) ដោយ​ស្នើ​សុំឱ្យ​កងការពារ​ព្រំដែន​ថៃ បញ្ឈប់​ការសាងសង់​នោះ​ទាំងស្រុង​។​

មន្ត្រី​ច្រកព្រំដែន​កម្ពុជា អះអាងថា ភាគី​ថៃ ហាក់​នៅ​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់​ដើម្បី​បញ្ឈប់​ការសាងសង់​នោះ​នៅឡើយ​។​

ប្រធាន​ច្រក​អន្តជាតិ​អូរ​ស្មាច់ លោក រ៉ែ​ម ផល្លា​វី មានប្រសាសន៍ថា នៅពេលដែល​អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អាជ្ញាធរខេត្ត​សុរិន្ទ របស់​ថៃ ជួបប្រជុំគ្នា​នោះ ភាគី​ថៃ បាន​សន្យាថា​នឹង​ផ្អាក​ការសាងសង់​មួយរយៈ ដើម្បី​ឆ្លង​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ​៖ «​ខ្ញុំ​នៅទីនេះ អ្វី​ដែលមាន​កើតឡើង​គឺ​ខ្ញុំ​នឹង​រាយការណ៍​ជូន​អភិបាលខេត្ត​ឱ្យ​គាត់ ជ្រាប​។ យើង​នៅតែ​ប្រកាន់​ជំហរ​មិនឱ្យ​សាងសង់​ហ្នឹង ព្រោះ​វា​បាន​រំលោភ​ទៅលើ​កិច្ចព្រមព្រៀង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​»​។​

មន្ត្រី​កម្ពុជា រំលឹកថា អនុស្សរណៈ​នៃ​ការយល់​យល់​គ្នា​រវាង​កម្ពុជា​-​ថៃ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០០០ កន្លងទៅ បានដាក់​តំបន់​ដែល​ថៃ ព្យាយាម​ចូល​សាងសង់​នោះ​គឺជា​តំបន់ហាមឃាត់​ដែល​មិនមាន​ភាគី​ណា​រំលោភ បំពាន​បានឡើយ​។ បើ​ភាគី​ណាមួយ​រំលោភ គឺ​ប្រទេស​ទាំងពីរ​អាច​នឹង​កើតមាន​បញ្ហា​ជម្លោះព្រំដែន​៕
-------
អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ និង​អាជ្ញាធរខេត្ត​សុរិន្ទ ពិនិត្យមើល​ការសាងសង់​សំណង់​របស់​ភាគី​ថៃ ដែល​រំលោភ​ចូល​តំបន់ហាមឃាត់ កាលពី​ថ្ងៃទី​៣១ ធ្នូ ២០១៤​។