បញ្ជូន សោម ឯក ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​បន្ទាប់ពី​សួរចម្លើយ​ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ទណ្ឌិត​ឈ្មោះ សោម ឯក ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ បន្ទាប់ពី​ធ្វើការ​សាកសួរ​ចប់សព្វគ្រប់ ។ ទណ្ឌិត សោម ឯក ដែល​បានគេច​ខ្លួន​កាលពី​ថ្ងៃទី​៨ តុលា កន្លងមកនេះ ទីបំផុត​ក្នុង​រយៈពេល​១៨​ថ្ងៃក្រោយ​ការរត់​គេចខ្លួន សោម ឯក ត្រូវបាន​ចាប់ខ្លួនបាន​នៅលើ​កំពូលភ្នំ​គូលែន នៅវេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​២៦ តុលា ហើយ​ប​ញ្ចូ​ន​មក​នាយកដ្ឋាន​ប្រឆាំង​ភាវរ​:​កម្ម​ក្រសួងមហាផ្ទៃ ដើម្បី​សួរចម្លើយ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​នេះ ។​
​តាម​ប្រភពព័ត៌មាន​ខ្លះៗ​ពី​មន្ត្រី​ជិតដិត​នឹង​បេសកកម្ម​តាម​ប្រមាញ់​សោម ឯក បានឱ្យដឹងថា ក្រោយពី​រត់គេចខ្លួន​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ហៅ​មន្ទីរ​ពេទ្យរុស្ស៊ី សោម ឯក បានធ្វើ​ដំណើរ​ទៅកាន់​ខេត្តសៀមរាប និង​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប រហូតដល់​ថ្ងៃ​ចាប់ខ្លួន ។​
​មុន​ការចាប់ខ្លួន តាម​ប្រភព​បាន​ទម្លាយ​ឱ្យដឹងថា ទណ្ឌិត​សោម ឯក បាន​ជួល​ម៉ូតូឌុប​ជិះ​ទៅលេង​ភ្នំ​គូលែន​ក្នុងតម្លៃ​១៥​ដុល្លារ ។ នៅវេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃទី​២៦ តុលា សោម ឯក ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​ទឹកធ្លាក់​លើ​ខ្នងភ្នំ​គូលែន ក្នុងភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ក្រោយ​ការចាប់ខ្លួន សោម ឯក ត្រូវបាន​នាំ​ភ្លាមៗ​មកកាន់​ក្រសួងមហាផ្ទៃ ដែល​ការនាំ​ខ្លួន​នោះ​ធ្វើឡើង​ដោយ​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ក្រសួងមហាផ្ទៃ ។​
​គួរ​បញ្ជាក់ថា ទណ្ឌិត សោម ឯក ហៅ ជា គឹម​ហ៊ួ​ន ជា​អតីត​ទាហាន​ចូល​បម្រើការ​នៅ​ក្រសួងការពារជាតិ​តាំងពី​ឆ្នាំ​១៩៧៩​រហូតដល់​ឆ្នាំ​២០០៣ ។ សោម ឯក ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន​៤៦​ឆ្នាំ ក្នុងនោះ​ករណី​ទី​១​ពីបទ​បង្កើត​ចលនា​កងទ័ព​ក្បាល​ខ្លា​ខុសច្បាប់ ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ចំនួន​១៨​ឆ្នាំ និង​មួយ​ករណី​ទៀត​ពីបទ​បំផ្ទុះ​គ្រាប់​ធ្វើ​ភេរវកម្ម​នៅមុខ​ក្រសួងការពារជាតិ​កាលពី​ថ្ងៃទី​៧ មករា ឆ្នាំ​២០០៩ ដោយ​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​២៨​ឆ្នាំ៕

992f6b7b-6545-4a29-838a-9b3867b658cb