រាជធានីភ្នំពេញ៖បន្ទាប់ពីដំណើរការសវនាការនាព្រឹកថ្ងៃសុក្រនេះលើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបដិសេធក្នុងការចូលខ្លួននោះតុលាការកំពូល បានសម្រេចថា សំណុំរឿងនេះ និងត្រូវប្រកាសសាលដីកាជាសាធារណៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
យ៉ាងណាក៏ដោយលោក កឹម សុខា ពុំបានបង្ហាញវត្តមានក្នុងសវនាការនោះទេ តែមេធាវីការពារក្ដី ពីររូប គឺ លោក ចាន់ ចេន និង លោក ផែង ហេង បានចូលរួម ដើម្បីតតាំងក្ដី ចំពោះការស្នើសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។
គួររំលឹកថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រកាសសាលក្រមផ្តន្ទាទោសលោក កឹម សុខា ផ្តន្ទាទោស៥ខែនិងពិន័យជាប្រាក់ចំនួន៨សែនរៀល ក្រោមការចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តែមេធាវីលោក កឹម សុខា បានប្តឹងទាស់ ៕