ហ្វីលីពីន៖សារព័ត៌មាន Channel News Asia ចេញផ្សាយនារសៀលថ្ងៃនេះបានឲ្យដឹងថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ កាន់តែក្តៅគគកុ គ្រាដែលអភិបាលក្រុងម្នាក់ និងអង្គរក្ស០៩នាក់ទៀតត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀនបាញ់សម្លាប់ដោយចោទថារត់ពន្ធគ្រឿងញៀន។
អ្នកនាំពាក្យប៉ូលិសតំបន់និយាយថា លោក Dimaukom និងកងអង្គរក្ស របស់លោកបានធ្វើការបាញ់តបតជាមួយនឹងកងកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀន នៅពេលដែលរថយន្តរបស់ លោកអភិបាលក្រុងរូបនេះ ត្រូវបានប៉ូលិសបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យ ដោយសារសង្ស័យថាបានលួចលាក់ គ្រឿងញៀននៅក្នុងរថយន្តនោះ។ បន្ទាប់ពីការបាញ់ប្រយុទ្ធគ្នា ទើបបណ្តាលឲ្យលោក និងអង្គរក្ស០៩នាក់ទៀត បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។
គួរបញ្ជាក់ថា អភិបាលក្រុង Saudi Ampatuan ដែលស្ថិតនៅភាគខាងត្បូងប្រទេស ហ្វីលីពីន លោក Samsudin Dimaukom គឺជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងចំណោមមន្ត្រីក្នុងតំបន់ជាង ១៥០រូបផ្សេងទៀតដែលជា មន្ត្រីរដ្ឋាភិបាល មន្ត្រីតុលាការ និងមន្ត្រីប៉ូលិសផងដែរត្រូវបានរដ្ឋាភិបាលលោក ឌូធើត រកឃើញថាបានចូលរួមយ៉ាងសកម្មក្នុងការរត់ពន្ធគ្រឿងញៀន ក្នុងតំបន់ភាគខាងត្បូងប្រទេស៕