តុលាការបើកសវនាការរឿងលោកស្រី ថាក់ ឡានី
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី ដែលបានធ្វើការចោទប្រកាន់ត្រង់ៗ លើសម្តេច ហ៊ុន សែន ក្នុងការសម្លាប់ លោក កែម ឡី ។
លោកស្រី ថាក់ ឡានី ត្រូវបានសមាជិកព្រឹទ្ធសភាសម្រេចបោះឆ្នោតឲ្យដកអភ័យឯកសិទ្ធិ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដើម្បីឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនដោយគ្មានការរាំងស្ទះ ។ បន្ទាប់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង លោកស្រី ថាក់ ឡានី ទៅជំនុំជម្រះដោយចោទប្រកាន់ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕