រាជធានីភ្នំពេញ៖ទ្រង់ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានសសេរបង្ហោះក្នុង Facebook របស់ព្រះអង្គ នៅថ្ងៃនេះ ដោយបញ្ជាក់ថា ៖ បើគណបក្សសង្គ្រោះជាតិ មិនកែទម្រង់ផ្ទៃក្នុងទេនោះ ព្រះអង្គនឹងចាកចេញពីបក្សប្រឆាំងនេះ ។ ព្រះអង្គសរសេរថា ឆ្នាំមុន ខ្ញុំបានប្រកាសថា ខ្ញុំតាំងខ្លួន ជាអ្នកប្រឆាំ ងក្នុងបក្សប្រឆាំង ដើម្បីស្វែងរក ការកែទម្រង់ផ្ទៃក្នុងបក្ស។ ថ្ងៃនេះ ខ្ញុំសូមប្រកាស ជាឱឡារិកថា ប្រសិនបើគ្មានការកែទម្រងទេ ខ្ញុំពុំអាចយកព្រះកិត្តិនាម និងព្រះកិត្តិយសរបស់ព្រះរាជវង្ស គ្រប់អង្គ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិ យកមកបំផ្លាញ ក្នុងការបំរើ ការកុហកភូតភរ បោកបញ្ឆោតប្រជាពលរដ្ឋ តទៅទៀត បានឡើយ។
យោងតាមកាសែតក្នុងស្រុកបានដកស្រង់បន្ទូលទ្រង់ធម្មិកោ មកចុះផ្សាយថា ៖ ទ្រង់បានស្នើឲ្យបក្សសង្គ្រោះជាតិ រកដំណោះស្រាយបញ្ហាផ្ទៃក្នុង បក្សនៅពេលនេះ ហើយទ្រង់នឹងបន្តតាមដាន ដំណោះស្រាយពីបក្ស។ អ្នកអង្គមានបន្ទូលថា “ បក្សគ្មានបញ្ហារឿងបែកបាក់ នោះទេ តែបក្សមានបញ្ហាផ្ទៃក្នុង ហើយខ្ញុំនឹងចាំមើល តើបក្សដំណោះស្រាយយ៉ាងណា ព្រោះបក្សមានក្រុមនិយម ធ្វើឲ្យបក្សវាខ្សោយ តើបក្សមានកំណែទម្រង់យ៉ាងណា មុនការបោះឆ្នោតមកដល់ខាងមុខនេះ”។
ទាក់ទងការរិះគន់របស់កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ចំពោះលោក សម រង្ស៊ី នោះ ទ្រង់ធម្មិកោ បានប្រាប់កាសែតក្នុងស្រុកថា កញ្ញា កឹម មនោវិទ្យា គ្មានបំណងចាកចេញ ពីបក្សនោះទេ ហើយបក្សក៏គ្មានវិន័យ ដល់វិទ្យាដែរ គ្រាន់តែការរិះគន់នោះឆ្លុះបញ្ចាំងថា មានបញ្ហាផ្ទៃក្នុងបក្ស រឿងនេះមិនធម្មតានោះទេ ហើយរឿងឯកឧត្តម សម រង្ស៊ី វិលចូលស្រុក ឬ មិនចូលស្រុក គឺជាការសម្រេចចិត្តរបស់ឯកឧត្តម ។
អ្នកតាមដានសភាពការណ៍នយោបាយ បានធ្វើការវិភាគថា ទ្រង់ធម្មិកោ ជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ទៀត ដែលរិះគន់លោក សម រង្ស៊ី ទោះបីជាការរិះគន់មិនចំឈ្មោះ លោក សម រង្ស៊ី ក៏ដោយ ។ ទន្ទឹមនោះទ្រង់ធម្មិកោក៏បានបង្ហាញនូវទិន្នាការគាំទ្រកូនស្រីលោក កឹម សុខា ផងដែរ ៕